(ភ្នំពេញ)៖ វេទិកាពិគ្រោះយោបល់របស់ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ ស្តីពី «បញ្ហាប្រឈម និងសំណូមពរ នៅភូមិភាគទី១ រាជធានីភ្នំពេញ» ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព លោក ប្រាក់ សុខុន ប្រធានព្រឹទ្ធសភាស្ដីទី និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ និងមានការចូលរួមពីលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងថា ព្រឹទ្ធសភានៃកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងបន្តដឹកនាំប្រទេសកម្ពុជា ដោយភាពស្វាហាប់ ថាមពល និងគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើការកែទម្រង់ជាច្រើន ដើម្បីឲ្យប្រទេសកម្ពុជា កាន់តែអភិវឌ្ឍន៍រីកចំរើន ស្របតាមការចង់បានរបស់ប្រជាពលរដ្ឋ។

លោក ឃួង ស្រេង បានបន្តថា រដ្ឋបាលរាជធានីភ្នំពេញមានការងារយ៉ាងច្រើន ដែលយើងបាននិងកំពុងអនុវត្ត ហើយក៏មានបញ្ហាប្រឈមជាច្រើនផងដែរ ដែលយើងបាននិងកំពុងដោះស្រាយ។ សំរាប់វេទិកាពិគ្រោះយោបល់របស់ ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ ស្តីពី «បញ្ហាប្រឈម និងសំណូមពរ នៅភូមិភាគទី១ រាជធានីភ្នំពេញ» នាពេលនេះ គឺក្នុងគោលបំណង ដើម្បីពិនិត្យវឌ្ឍនៈភាពការងារ ពីការកំណែទម្រង់ប្រសិទ្ធភាពការងារ តម្លាភាព និងសមធម៌ ដើម្បីឆ្លើយតបទៅតាមការចង់បានរបស់ប្រជាពលរដ្ឋ។

លោក ឃួង ស្រេង បានបន្តទៀតថា ថ្នាក់ដឹកនាំរាជធានី ខណ្ឌ សង្កាត់ និង មន្ទីរជំនាញនានា បានខិតខំប្រឹងប្រែងរហូតសម្រេចបានវឌ្ឍនភាពការងារសំខាន់ៗជាច្រើន តែក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលយើងយក មកដោះស្រាយ រួមគ្នាក្នុងវេទិកាពិគ្រោះយោបល់របស់ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ នាពេលនេះដែរ ក្នុងនោះរួមមាន៖

*ការងារភូមិ សង្កាត់ មានសុវត្ថិភាព
*ការងារអត្តសញ្ញាណកម្ម និងអត្រានុកូលដ្ឋាន
*ការងារលទ្ធកម្មតាមមូលដ្ឋាន
*ការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន
*ការងារបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងការងារ (ប.ស.ស) ក្នុងរាជធានីភ្នំពេញ។

លោក ប្រាក់ សុខុន បានសម្តែងនូវការកើតសរសើររដ្ឋបាលរាជធានីភ្នំពេញ ចំពោះការកែទម្រង់នានា សំដៅធ្វើយ៉ាងណាឲ្យរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចំរើន ព្រមទាំងការលើកកំពស់ជីវភាពប្រជាពលរដ្ឋ និងការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរ។

លោក ប្រាក់ សុខុន បានលើកឡើងថា នៅរាជធានីភ្នំពេញពិតជាមានបញ្ហាប្រឈមច្រើន នៅតាមមូលដ្ឋាន សង្កាត់ទាំង១០៥ តែក្នុងវេទិកាពិគ្រោះយោបល់របស់ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ នៅពេលនេះ យើងជ្រើសរើសយកតែបញ្ហាប្រឈមណា ដែលមានលក្ខណៈសមស្រប មកដោះស្រាយមុន។

លោក ប្រាក់ សុខុន បានបន្តថា ការរួមគ្នាជាមួយព្រឹទ្ធសភា ក្នុងការចុះមូលដ្ឋានទាំង១០៥ យើងប្រមូលបានបញ្ហាជាច្រើន មានទាំងវិជ្ជមានវ និងអវិជ្ជមាន ដែលយើងអាចយកបញ្ហាទាំងអស់នោះ មកគិតពិចារណា ដោះស្រាយជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។ លោក ប្រាក់ សុខុន ក៏បានស្នើឲ្យអាជ្ញាធរ និងកងកម្លាំងទាំងអស់បន្តថែរក្សាសន្តិសុខ សុវត្ថិភាព បើទោះបីយើងរក្សាសុខសន្តិភាពនេះបានល្អប្រសើរហើយក្តី។

លោក ប្រាក់ សុខុន បានរំលឹកថា កម្ពុជាយើងមានស្ដេចជាច្រើន បានកសាងប្រសាទនៅទូទាំងប្រទេសបានជាង៤ពាន់ប្រាសាទ ទុកជាកេរ្ត៍វប្បធម៌ដ៏ល្បីល្បាញលើពិភពលោក។ សម័យនេះប្រទេសយើងមាន «សម្ដេចតេជោ ហ៊ុន សែន» បានកសាងប្រាសាទ ដែលធំជាងប្រាសាទជាង៤ពាន់ទៀត គឺកសាងប្រសាទសន្តិភាព ដែលប្រជាជនមានភាពសុខសាន្ត។

លោកសូមឲ្យបន្តពង្រឹងរដ្ឋបាលសាធារណៈ បន្តយន្តការកែទម្រង់អភិបាលកិច្ច និងបន្តដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋអោយបានល្អប្រសើរ។ លោក ប្រាក់ សុខុន បានលើកឡើងទៀតថា ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជា យើងពិតជាមានមោទនភាពណាស់ ដោយយើងមានថ្នាក់ដឹកនាំប្រទេសដ៏ឆ្នើម មានការអភិវឌ្ឍ មានវប្បធម៌ប្រវត្តិសាស្ត្រល្អ និងមានសមាជិកក្រុមប្រឹក្សា ប៉ូលីសមូលដ្ឋានល្អ ក្នុងការបំរើប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល៕