(ភ្នំពេញ)៖ ស្នាដៃវិចិត្រករខ្មែរ ចំនួន២រូប គឺលោក នូ សារី និងលោក ឈើន ចាន់នី ត្រូវបានជ្រើសរើសសម្រាប់ការតាំងពិព័រណ៍សិល្បៈ SHINSEISAKU លើកទី៨៧ នៅមជ្ឈមណ្ឌលសិល្បៈជាតិនៃទីក្រុងតូក្យូ ប្រទេសជប៉ុន។ នេះបើយោងតាមទំព័រ Facebook ផ្លូវការរបស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា។

ស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានបង្ហោះយ៉ាងដូច្នេះថា៖ «អបអរសាទរ លោក នូ សារី និងលោក ឈើន ចាន់នី ដែលសម្រេចបានជោគជ័យយ៉ាងធំធេង! គំនូររបស់លោកទាំងពីរត្រូវបានជ្រើសរើសសម្រាប់ពិព័រណ៍សិល្បៈSHINSEISAKUលើកទី៨៧! Congratulations to Mr. Sary Nou and Mr. Channy Chhoeun Artist on your great achievements! Their paintings were accepted for the 87th SHINSEISAKU Art Exhibition!!»។

ជាមួយនឹងការទទួលបានជោគជ័យលើស្នាដៃរបស់ខ្លួន លោក Channy Chhoeun Artist បានលើកឡើងថា តាមរយៈទំព័រ Facebook ថា «ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយជាខ្លាំង នឹងសូមថ្លែងអំណរគុណដល់ ឯកឧត្តមឯកអគ្គរាជទូត ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ដែលបានអញ្ជើញមកចូលរួមក្នុងពិធីសម្ពោធពិរព័រណ៍ស្នាដៃសិល្ប: SHISEINSAKU លើកទី ៨៧ នឹងសូមថ្លែងអំណរអរគុណដល់ស្ថានទូតជប៉ុន ប្រចាំនៅប្រទេសកម្ពុជា និង លោកTakakazu Yamada ដែលជាស្ថាបនិក សាលាសិល្ប: Yamada School of Art ដែលបានជួយជ្រោមជ្រែងឱ្យពួកខ្ញុំមានឱកាសបានដាក់តាំងបង្ហាញស្នាដៃរបស់ពួកយើងនៅ The National Art Center, Tokyo Gallery»

ដោយឡែកលោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ លោកបានអញ្ជើញទស្សនាការតាំងពិព័រណ៍សិល្បៈគំនូរ នៅមជ្ឈមណ្ឌលសិល្បៈជាតិនៃទីក្រុងតូក្យូ ដែលនៅក្នុងនោះ ស្នាដៃគំនូររបស់សិល្បៈករកម្ពុជា​ចំនួន ២រូប ដែលមានឈ្មោះ Chhoeun Channy និងឈ្មោះ Nou Sary ត្រូវបានជ្រើសរើសមកដាក់តាំងបង្ហាញនៅក្នុងកម្មវិធី SHINSEISAKU Art Exhibition នៅទីក្រុងតូក្យូ ផងដែរ ប៉ុន្តែម្ចាស់គំនូរកម្ពុជាទាំងពីររូបនេះ ពុំបានចូលរួមផ្ទាល់​ក្នុងការតាំង​ពិព័រណ៌នោះទេ។

នាឱកាសនោះដែរ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានសម្តែងក្តីរីករាយ និងកោតសរសើរស្នាដៃគំនូររបស់សិល្បៈករខ្មែរទាំងពីររូប ក៏ដូចជាសិល្បៈករខ្មែរដទៃទៀត ដែលបានចូលរួមជួយលើកស្ទួយវិស័យ​សិល្បៈវប្បធម៌របស់កម្ពុជា​នៅលើឆាក​អន្តរជាតិ៕