(ភ្នំពេញ)៖ ក្នុងនាមតំណាងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា, លោកបណ្ឌិត សម តារា សមាជិកគណៈកម្មាធិការកណ្តាល សមាជិកសភាមណ្ឌលស្វាយរៀង អនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា និងលោកស្រី នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញកាន់បិណ្ឌវេនទី២ នៅវត្តទួលសុណ្ណារាម ហៅវត្តទួលសង្កែ ស្ថិតនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ឱកាសនោះ លោកបណ្ឌិត សម តារា បានថ្លែងថា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា តែងតែបានគិតគូរយកទុកដាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ជាដែលជាបុណ្យប្រពៃណីជាតិដ៏ធំមួយ របស់ប្រទេសកម្ពុជាយើង និងបានចាត់តាំងឲ្យរូបលោក និងភរិយានាំនូវទេយ្យទាន និងបច្ច័យប្រគេនដល់ព្រះសង្ឃបិណ្ឌវេនទី២ នៅវត្តទួលសុណ្ណារាម ហៅ វត្តទួលសង្កែ ស្ថិតនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកបណ្ឌិតបាបន្តថា បច្ចុប្បន្នដោយសារប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាព នយោបាយល្អប្រសើរ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បន្តពីសម្ដេចតេជោហ៊ុន សែន ដែលប្រធានព្រឹទ្ធសភា តែងតែបានខិតខំបំពេញតាមបំណងប្រាថ្នា របស់ប្រជាពលរដ្ឋលើគ្រប់វិស័យ ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ និងដោះស្រាយរាល់បញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាឲ្យពួកគាត់មានសេចក្តី សុខសុភមង្គល រីកចម្រើនទៅមុខទៀត ដល់កូនចៅជំនាន់ក្រោយ និងបានជួយលើកស្ទួយជីវភាព របស់ប្រជាពលរដ្ឋឲ្យបានប្រសើរឡើង ដូច្នេះហើយទើបពួកគាត់អាចមានលទ្ធភាព ធនធានគ្រប់គ្រាន់ក្នុងការធ្វើបុណ្យទានផ្សេងៗបាន។
លោកបណ្ឌិត បានបញ្ជាក់ទៀតថា ការប្រារព្ធពិធីបុណ្យនេះ គឺជាទំនៀមទម្លាប់មួយ ដែលជនជាតិខ្មែរនិយមធ្វើតៗគ្នា តាំងពីបុរាណកាល ដូច្នេះហើយប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលជាពុទ្ធសាសនិកជន គប្បីនាំគ្នាថែរក្សាពិធីបុណ្យ ដែលជាមរតកកេរដំណែលវប្បធម៌របស់ដូនតាខ្មែរ ឲ្យបានឋិតថេរគង់វង្ស តាមរយៈការបណ្ដុះស្មារតីដល់យុវជន និងកូនចៅជំនាន់ក្រោយទាំងអស់ ឲ្យចេះទៅធ្វើបុណ្យទាននៅក្នុងរដូវបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះ។
នៅក្នុងឱកាសពិធីកាន់បិណ្ឌនោះដែរ លោកបណ្ឌិត សម តារា និងភរិយា ព្រមទាំងក្រុមការងារទាំងអស់ ក៏បានរាប់បាត្របង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធមាតាបិតា ជីដូនជីតា ញាតិកាទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ ហើយក៏បានឧទ្ទិសកុសល ដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងបុព្វហេតុការពារ កសាងអភិវឌ្ឍជាតិ មាតុភូមិកម្ពុជា និងជនរងគ្រោះដោយភាពអយុត្តិធម៌ ក្នុងរបបប្រល័យពូជសាសន៍ផងដែរ។
គូររំលេចថា ភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត នៃពិធីបុណ្យប្រពៃណី ជាតិខ្មែរ ហើយប្រជាពលរដ្ឋកម្ពុជានាំគ្នា ប្រារព្ធពិធីបុណ្យនេះ មិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង ១រោច ដល់ថៃ្ងទី ១៥រោច ខែភទ្របទ មានរយៈពេល១៥ថៃ្ង ហើយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៤ រោច ហៅថាជាពិធីបុណ្យកាន់បិណ្ឌ និងថៃ្ង១៥រោច ជាពិធីបុណ្យភ្ជុំបិណ្ឌ។
សូមបញ្ជាក់ថា លោកបណ្ឌិតសម តារា និងលោកស្រី បាននាំទេយ្យទាន និងបច្ច័យចំណាយនៅក្នុងពិធីបុណ្យ សរុបអស់ប្រមាណថវិកាជាង១៣លានរៀលផងដែរ៕