(ស្វាយរៀង)៖ លោក ទីវ សុភា ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត្តស្វាយរៀង បានឲ្យដឹងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ថា តាមរយៈការពិនិត្យជាក់ស្ដែងឃើញថា ក្នុងរយៈពេល២ថ្ងៃនេះ គឺពិធីកាន់បិណ្ឌ១ និងបិណ្ឌ២ សម្រាប់វត្តនៅតាមទីប្រជុំជនមានពុទ្ធបរិស័ទ អញ្ជើញទៅច្រើនជាប្រក្រតី ដោយឡែកវត្តដែលនៅតាមជនបទ ក៏មានពុទ្ធបរិស័ទអញ្ជើញទៅជាមធ្យម ប៉ុន្តែតាមការសង្កេតទៅ គឺមិនមានវត្តអារាមណាដែលខ្វះខាតចង្ហាន់ ឬក៏បច្ច័យបួននោះទេ។
លោកបានគូសបញ្ជាក់ថា វត្តទាំង២៤៦វត្ត ត្រូវបានពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន នាំយកចង្ហាន់ បច្ច័យ និងបរិក្ខាបុណ្យទៅវេរប្រគេនព្រះសង្ឃដើម្បីឧទ្ទិសកុសលជូន ជីដូន ជីតា ញ្ញាត្តិការ ទាំង៧សណ្តាន និងអ្នកស្នេហាជាតិ ដែលបានចែកឋានទៅកាន់បរម្យលោកដូចរាល់ឆ្នាំផងដែរ។
ពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យធំរបស់ពលរដ្ឋខ្មែរ និងជាតិសាសន៏មួយចំនួនដែលជាអ្នកកាន់សាសនាព្រះពុទ្ធ ហើយពិធីបុណ្យនេះមានរយះពេល១៥ថ្ងៃដែលចាប់ផ្តើមនៅ ថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ ហើយជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូននៅតាមទីវត្តអារាមដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ញាតិសន្តាន ដែលបានចែកឋានរំលាយក្ខន្ធទៅកាន់លោកខាងមុខ។
ព្រះតេជគុណ យ៉ន សុខសាន្ត ចៅអធិការវត្តព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង បានមានថេរដិការថា ពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ មានអត្ថប្រយោជន៏៣ជាសំខាន់ៗ រួមមាន៖
*ទី១៖ រំលឹកគុណ ចំពោះបុព្វការីជន ពីព្រោះនៅក្នុងព្រះពុទ្ធសាសនាតែងតែសរសើរនូវបុគ្គលដែលជាអ្នកមានធម៏កត្តាញ្ញូកតទេវី គឺការនឹករលឹកចំពោះគុណបការះ ចំពោះលោកដែលមានគុណ
*ទី២៖ ការប្រារព្វពិធីបុណ្យ គឺស្វែងរកបុណ្យកុសលសម្រាប់យើងទាំងអស់គ្នា ពីព្រោះថាជីវិតសង្ខារបស់យើងមិនទៀងទាត់ឋិតថេរជានិច្ចជាកាលឡើង តែងតែមកដល់នូវសេចក្តីស្លាប់ជាទីបញ្ចប់ និងអត្ថប្រយោជន៍
*ទី៣៖ សាមគ្គីធម៌រវាងព្រះសង្ឃ និងពុទ្ធបរិស័ទ ព្រោះពុទ្ធបរិស័ទជាអ្នកមានការទំនុកបំរុងជាមួយព្រះសង្ឃ ហើយព្រះសង្ឃក៏រស់នៅដោយសារអាស្រាយលើអាហារបិណ្ឌបាត ហើយមួយវិញទៀត នៅពេលព្រះសង្ឃមានទេយ្យទាន តែងតែរំលែកទៅជូនទៅកាកបាទក្រហម ពិសេសជួយដល់គ្រួសារពលរដ្ឋដែលជាជនទុរគតជនវិញផងដែរ៕