(កំពង់ធំ)៖ ព្រះបរិត្តកោសល្យ ណិប អ៊ាន ព្រះអនុគណស្រុកស្ទោង និងជាព្រះចៅអធិការវត្តឃ្លាំងខ្មូត អំពាវនាវយុវជន យុវនារី ថែរក្សាប្រពៃណីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឲ្យបានគង់វង្ស។
ព្រះបរិត្តកោសល្យ ណិប អ៊ាន មានព្រះសង្ឃដីកាបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ធំថា បុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ត្រូវបានប្រជាពលរដ្ឋខ្មែរប្រារព្ធធ្វើឡើងតាំងពីបុរាណកាលមកម៉្លេះ ហើយចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថ្ងៃទី១៤រោច ខែភទ្របទ គឺជាថ្ងៃកាន់បិណ្ឌ រហូតដល់ថ្ងៃទី១៥ រោច ខែភទ្របទ ត្រូវបានឲ្យឈ្មោះថាជាថ្ងៃភ្ជុំបិណ្ឌ។
ព្រះអង្គបន្តថា ទាក់ទងនៅក្នុងបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ គឺមានតាំងពីយូរយារមកហើយ ហើយក្នុងរដូវកាលកាន់បិណ្ឌ គឺពុទ្ធបរិស័ទតែងតែនាំគ្នាធ្វើ មិនដែលអាក់ខានឡើយ លើកលែងតែប្រទេសមានសង្គ្រាម រហូតដល់ពីឆ្នាំ១៩៧៩ ដែលមានសុខសន្តិភាព ហើយក៏បានរៀបចំឲ្យមានសាសនាឡើងវិញ ក្នុងនោះពុទ្ធសាសនាទូទាំងប្រទេស នៅក្នុងរដូវកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ តែងតែគោរពនៅក្នុងរដូវកាន់បិណ្ឌភ្ជុំបិណ្ឌ។
ចាប់ពីថ្ងៃ១រោច ខែភទ្របទ គឺជាថ្ងៃចូលរោងទៅតាមទំនៀមទម្លាប់ វត្តមួយចំនួន មានពិធីក្រុងពាលី ពុទ្ធបរិស័ទតែងមកជួបជុំគ្នាចំណុះជើងវត្ត តាមតិចចាំច្រើន ហើយដល់ពេលថ្ងៃល្ងាច ហើយចន្លោះម៉ោង៤ ម៉ោង៦ គឺពិធីនមស្ការសមាទានសីល ហើយនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត សម្ដែងនូវព្រះធម៌ទេសនា នេះគឺជាថ្ងៃពេញបូណ៌។ ថ្ងៃ១រោច គឺជាពិធីបោះបាយបិណ្ឌ ឬក៏ដង្ហែបាយបិណ្ឌ តាំងពីថ្ងៃទី១រោច ខែភទ្របទ រហូតដល់ថ្ងៃទី១៤រោច ខែភទ្របទ ហៅថាថ្ងៃកាន់បិណ្ឌ ហើយថ្ងៃទី១៥រោច ខែភទ្របទ គឺជាថ្ងៃភ្ជុំបិណ្ឌ។
ដើម្បីថែរក្សាប្រពៃណីជាតិខ្មែរឲ្យបានគង់វង្សតទៅមុខទៀត សូមពុទ្ធបរិស័ទទាំងអស់គ្នាថែរក្សានូវប្រពៃណីជាតិ ដូចជាពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌ គឺបុណ្យធំមួយ ដែលសំខាន់នៅក្នុងផ្នែកពុទ្ធសាសនា៕