(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានគណៈគម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី ក្នុងសម័យសង្គ្រាម ដែលមានជីវភាពលំបាកខ្វះខាតចំនួន៤០គ្រួសារ នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលសម្ដេច និងលោកជំទាវ តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជននៅគ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែង ព្រោះបងប្អូនអតីតយុទ្ធជនពិការ និងអតីតយុទ្ធជន ពលីក្នុងសម័យសង្គ្រាម គឺជាអ្នកដែលមានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ដោយបានចូលរួមចំណែកជាមួយសម្ដេចតេជោ ហ៊ុន សែន អនុវត្តនូវនយោបាយឈ្នះឈ្នះ ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់អំណោយមនុស្សធម៌របស់សម្ដេចធិបតីហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់អតីតយុទ្ឋជនជនពិការ និងក្រុមគ្រួសារអតីតយុទ្ឋជនពលីចំនួន៤០គ្រួសារ ដោយក្នុងមួយ គ្រួសារទទួលបានអង្ករចំនួន២៥គីឡូក្រាម មីជាតិ០១កេស ទឹកត្រីទឹកស៊ីអ៊ីវ០១យួរ និងត្រីខកំប៉ុង០១យួរ។
លោកបានណែនាំបងប្អូនអតីតយុទ្ធជនពិការ និងក្រុមគ្រួសារអតីតយុទ្ធជនពលី ត្រូវខិតខំថែរក្សាសុខភាពឱ្យបានល្អ រស់នៅមានអនាម័យ ក្នុងករណីមានជំងឺដង្កាត់ផ្សេងៗ ត្រូវទៅកាន់មន្ទីរពេទ្យ របស់រដ្ឋ ឬមន្ទីរពេទ្យឯកជននានា ដែលមានកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នបេឡាជាតិសន្តិសុខសង្គមហៅកាត់ថា ប.ស ស ដែលរាជរដ្ឋាភិបាលជាអ្នកចេញថ្លៃព្យាបាលជូន នឹងត្រូវខិតខំបង្ករបង្កើនផលដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ របស់ក្រុមគ្រួសារនីមួយៗតាមលទ្ធភាព ដែលអាចធ្វើទៅបាន គួបផ្សំនឹងប្រាក់បំណាច់ប្រចាំខែ ដែលរាជរដ្ឋាភិបាលបានផ្ដល់ជូន។
លោកព្រិន្ទបាលឯក សែម សុន តំណាងឲ្យអតីតយុទ្ធជនពិការ និងក្រុមគ្រួសារអតីតយុទ្ធជនពលី ចំនួន៤០គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាត បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលតែងតែបានយកចិត្តទុកដាក់ដោះស្រាយរាល់ការលំបាក ខ្វះខាតរបស់បងប្អូនអតីតយុទ្ធជនយើងនៅទូទាំងខេត្តកំពង់ធំនាពេលកន្លងទៅ៕