(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានបញ្ជាក់ប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ថា ផ្ទះថ្មីមួយខ្នងជាអំណោយរបស់លោក នួន ផារ័ត្ន អភិបាល

ខេត្តកំពង់ធំ និងលោកស្រី ត្រូវបានប្រគល់ជូនចាស់ជរា និងមានពិការភាពជាប់ខ្លួននៅក្នុងភូមិស្រង់ ឃុំចំណារលើ។

លោកបន្តថា នេះជាផ្ទះទី២ ដែលជាអំណោយលោក នួន ផារ័ត្ន ជូនចាស់ជរានៅក្នុងស្រុកស្ទោង ហើយផ្ទះនេះមានទំហំ ៤ម៉ែត្រ គុណនឹង៥ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងនិងដំបូលស័ង្កសី។

លោកបានផ្ដាំផ្ញើសួរសុខទុក្ខរបស់លោក នួន ផារ័ត្ន និងលោកស្រី ដែលលោកទាំងពីរតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសគ្រួសារចាស់ជរាហើយមានពិការភាពថែមទៀត។

លោកបានជំរុញអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើននូវការយកចិត្តទុកដាក់ខ្ពស់ ដល់សុខទុក្ខសុខុមាលភាពគ្រួសារក្រីក្រ ចាស់ជរា និងគ្រួសារដែលមានពិការភាព ជាពិសេសនៅក្នុងឱកាសបុណ្យកាន់បុណ្យភ្ជុំបិណ្ឌ ដើម្បីបានរស់នៅ ក្នុងជីវភាពសមរម្យ ហើយមានឱកាសធ្វើបុណ្យទាននៅក្នុងរដូវកាលបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌឆ្នាំនេះ ដូចបងប្អូនប្រជាពុទ្ធសាសនិកទូទៅ។

ទន្ទឹមនឹងនេះលោកតា សែម សូត្រ និងលោកយាយ ឆឺន ណូ ដែលបានទទួលផ្ទះថ្មីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក នួន ផារ័ត្ន និងលោកស្រី និងក្រុមការងារដែលបានគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខ សុខុមាលភាពគ្រួសារគាត់កំពុងមានពិការភាព និងធ្វើផ្ទះថ្មីជូនគាត់ បានរស់នៅមានភាពងាយស្រួលនិងសុវត្ថិភាពជាងមុននៅ៕