(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានបង្ហាញពីបទពិសោធន៍ការសិក្សា និងការងារជូនដល់សិស្សនិស្សិតជ័យលាភីអាហារូបករណ៍អង្គការ JICA របស់រាជរដ្ឋាភិបាលជប៉ុន ចំនួន០៩រូប ដែលត្រូវទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅប្រទេសជប៉ុន កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ០៥នាក់ និងបណ្ឌិតចំនួន០៤នាក់។ ពិធីនេះបានប្រព្រឹត្ដទៅនៅទីស្ដីការក្រសួងសុខាភិបាល នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។
ជាពិសេសលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍គន្លឹះ ចំនួន ៩ចំណុច ដល់និសិ្សតជយលាភីទាំងអស់ ដើម្បីរួមចំណែកដល់ការសិក្សាឲ្យបានជោគជ័យ រួមមាន៖
១៖ ត្រូវមានមោទនភាព ដែលបានទទួលបាននូវអាហារូបករណ៍នេះ
២៖ ត្រូវរំលេចឱ្យឃើញ ស្គាល់ឱ្យច្បាស់ពីសារៈសំខាន់នៃការសិក្សារៀងៗខ្លួន។ ធ្វើយ៉ាងណាឱ្យដំណើរនៃការសិក្សារបស់យើង ក្លាយទៅជាការជួយអភិវឌ្ឍន៍ខ្លួនឯង និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ
៣៖ ចេះលើកទឹកចិត្តខ្លួនឯង និងតាំងចិត្តថាធ្វើឱ្យបាន
៤៖ បង្ហាញពីវប្បធម៌ដ៏ល្អរបស់ជាតិ និងចែករំលែកដល់ប្រទេសដ៏ទៃឱ្យបានដឹង
៥៖ ជំរុញធ្វើយ៉ាងណាឱ្យមានការទំនាក់ទំនងល្អ ក្នុងចំណោមគ្នាយើង និងក្នុងចំណោមបណ្ដានិស្សិតប្រទេសទាំងឡាយ គឺធ្វើជាមនុស្សល្អចំពោះអ្នកនៅជុំវិញខ្លួន
៦៖ ធ្វើយ៉ាងណាលើកកម្ពស់ពីការស្ថាបនាជាតិរបស់យើង តាមរយៈការខិតខំប្រឹងប្រែងរៀនសូត្រ
៧៖ ថែទាំសុខភាពផ្លូវចិត្ត សុខុមាលភាពផ្ទាល់ខ្លួនម្នាក់ៗ ដូចជាការសម្រាកឱ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ និងហូបចុកឱ្យបានល្អ
៨៖ មានការទំនាក់ទំនងល្អជាមួយអង្គភាព ដែលខ្លួនបំពេញការងារ និងជាមួយស្ថានទូតខ្មែរនៅប្រទេសជប៉ុន
៩៖ និស្សិតម្នាក់ត្រូវដើរតួជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈរបស់ប្រទេសជាតិ០១រូប ត្រូវដើរតួថាយើងជាអ្នកតំណាងឱ្យប្រទេសជាតិយើង ឱ្យមានសេចក្ដីថ្លៃថ្នូរ ឱ្យមានការគោរព។
បន្ទាប់ពីទទួលបានអនុសាសន៍គន្លឹះសំខាន់ៗ ដ៏ខ្ពង់ខ្ពស់ពីលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី តំណាងនិស្សិតបានធ្វើការប្តេជ្ញាចិត្តថា នឹងខិតខំរៀនសូត្រឲ្យបានពូកែ និងជោគជ័យយកចំណេះដឹងមកជួយអភិវឌ្ឍន៍ជាតិមាតុភូមិវិញ។
ជាមួយគ្នានេះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជូនពរឱ្យក្មួយៗនិស្សិតទាំងអស់ ទទួលបានជោគជ័យក្នុងការសិក្សា។ ទន្ទឹមនឹងនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជូនវត្ថុអនុស្សាវរ័យ៍នូវសៀវភៅរបាយការណ៍សមិទ្ធផលសុខាភិបាល ឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ និងឆ្នាំបន្តរបស់ក្រសួងសុខាភិបាល ជូនដល់និស្សិតម្នាក់ៗ ចំនួនមួយក្បាលផងដែរ៕