(កំពង់ស្ពឺ)៖ នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌវេនទី២ នៅវត្តត្រពាំងវែង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកកិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី ប៉ែន ចន្នី បុត្រាបុត្រី ព្រមទាំងក្រុមប្រឹក្សាញាតិ បានរៀបចំពិធីបង្សុកូលឧទ្ទិសកុសល ជូនដល់បុពការីជន ដែលបានចែកឋានទៅកាន់លោកខាងមុខ។
លោកកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានឲ្យដឹងថា សុខសន្តិភាពកើតមានក្នុងប្រទេសកម្ពុជានាពេលនេះ ពិតជាមានតម្លៃថ្លៃថ្លាណាស់ ទោះបីជាស្ថិតក្នុងតម្លៃណាក៏ដោយ យើងត្រូវតែការពារ ថែរក្សាឲ្យបាន និងគង់វង្សជារៀងរហូត។ មានសុខសន្តិភាពទើបមានអ្វីៗទាំងអស់ ហើយសូមបងប្អូនប្រជាពលរដ្ឋខិតខំបង្កបង្កើនផល និងធ្វើការរកស៊ីទទួលទាន ដើម្បីលើកកម្ពស់ជីវភាពរស់នៅ ឲ្យកាន់តែប្រសើរឡើង។
គួររំលឹកថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិដ៏ធំប្រចាំឆ្នាំ មានតាំងពីបុរាណការមក។ ពិធីបុណ្យភ្ជុំបិណ្ឌជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទានសន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាម ទីវត្តអារាមក្នុងរយៈពេល១៥ ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្ធការីជន ញាតិសន្ដាន ដែលបានចែកឋានរំលាយកូន្ធ ហើយបានទៅកាន់សុគតិភពកុំបីឃ្លានឃ្លាឡើយ។
ក្នុងឱកាសនោះ លោកកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី ប៉ែន ចន្នី បានប្រគេនសម្ភារៈ និងបច្ច័យចំនួន៥វត្ត រួមមាន៖ អង្ករ២០០គីឡូ ទឹកក្រូច១០កេស ទឹកសុទ្ធ១០កេស មី១០កេសតូច ត្រីខ១កេសធំ ទឹកដោះគោ១កេសធំ ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ ប៊ីចេង២គីឡូ និងបច្ច័យមួយចំនួនទៀត។
បន្ទាប់មក លោក ហ៊ីង ប៊ុនហៀង និងលោកស្រី ប៉ែន ចនី្ន ព្រមទាំងក្រុមគ្រសារញាតិមិត្ត បានអញ្ជើញរៀបចំពិធីបង្សុកូល សូត្រមន្តរាប់បាត ឧទ្ទិសកុសលផលបុណ្យ ជូនដល់បុពការីជន មាន មហាឧបាសក ហ៊ីង ហ៊ឹន មហាឧបាសិកា តាត់ ឡឹង មហាឧបាសក នូវ វ៉ូ និងព្រឹទ្ធមហាឧបាសិកា សុខ ជុំ ព្រមទាំងញាតិការទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ព្រមទាំងបានបួងសួងសុំឲ្យព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាពជារៀងរហូត៕