(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃកម្ពុជា បានដឹកនាំគណៈប្រតិភូសភាកម្ពុជា ធ្វើមាតុភូមិនិវត្តន៍ មកដល់កម្ពុជាវិញដោយសុវត្ថិភាព នៅវេលាម៉ោង ១៦៖៣០នាទីរសៀល ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦នេះ។ ការវិលត្រលប់ នាពេលនេះ បានធ្វើឡើង បន្ទាប់សម្តេច និងថ្នាក់ដឹកនាំគណៈប្រតិភូ ពីការចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៣៧ នៅទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦។
នៅក្នុងឱកាសនោះសម្តេច ក៏បានផ្តល់ជាអនុសាសន៍ ដល់អាយប៉ាផងដែរ ដោយសម្តេចបាន លើកឡើងថា ភាពរីកចំរើន របស់សហគមន៍អាស៊ាន ត្រូវការចាំបាច់ឲ្យមានសន្ដិភាព និងស្ថិរភាពនយោបាយនៅក្នុងតំបន់។ អាយប៉ាត្រូវតែរួមគ្នា ជាមួយអាស៊ានដើម្បីដោះស្រាយរាល់បញ្ហាដែលកើតឡើង នៅក្នុងតំបន់ប្រកបដោយសន្ដិវិធី។ ជាមួយគ្នានេះអាស៊ាននិង អាយប៉ាអាចរួមសកម្មភាពជាមួយគ្នា ដើម្បីបង្ហាញអោយឃើញពីសមិទ្ធផលក្នុងរយៈពេល៥០ឆ្នាំកន្លងមក របស់អាស៊ាន ដែលជាការរួមវិភាគទានក្នុងការរក្សាសន្ដិភាពតំបន់ ក៏ដូចជាវឌ្ឍនភាពសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។
សម្តចប្រធានរដ្ឋសភា ក៏បានបញ្ជាក់ ទៅកាន់ប្រធានស្ថាប័នសភានៃបណ្តាប្រទេសអាស៊ាន សម្តេចបានលើកឡើងជា អនុសាសន៍ថា អាយប៉ា និងអាស៊ានត្រូវលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបច្ចេកទេសបន្ថែមទៀតតាមរយៈ ការចែករំលែក និងផ្លាស់ប្តូរព័ត៌មាន និងការជួបប្រជុំមន្រ្ដីជំនាញនៃស្ថាប័នទាំងពីរឲ្យទៀងទាត់។ ភាពរឹងមាំរបស់អាយប៉ា ជាកត្តាមួយដ៏សំខាន់ដើម្បីធានាបាននូវប្រក្រតីភាព និងការប្រព្រឹត្តទៅរបស់ខ្លួន។
ក្នុងនោះការផ្ដល់អនុសាសន៍តាមរយៈការដាក់ចេញនូវសេចក្ដីសម្រេចដល់ប្រទេសសមាជិកអាស៊ានត្រូវតែផ្ដោតលើផលប្រយោជន៍ រួមរបស់អាស៊ានដោយត្រូវបន្តជំរុញនឹងលើកកម្ពស់លទ្ធភាព នៃការធ្វើសុខុដុមកម្មច្បាប់ពាក់ព័ន្ធសំខាន់ៗនានា ដែលសំដៅធានាផលប្រយោជន៍រួមរបស់ពលរដ្ឋក្នុងអាស៊ាន។
សូមជម្រាបជូនថា ក្រៅពីការឡើងថ្លែងសុន្ទរកថា របស់សម្តេចប្រធានរដ្ឋសភា នៅក្នុងមហាសន្និបាតលើកទី៣៧ នៃអន្តរសភាអាស៊ាននោះ សមាជិកគណៈប្រតិភូសភាកម្ពុជាដែលអមដំណើរសម្តេច ចូលរួមមហាសន្និបាតនេះដែលមាន សមាជិកព្រឹទ្ធសភា និងរដ្ឋសភា ក៏បានចូលរួមកិច្ចប្រជុំរបស់គណៈកម្មាធិការនានារបស់អាយប៉ាតាមការបែងចែក ក្នុងនោះមានការចូលរួមប្រជុំជាមួយគណៈកម្មាធិការនយោបាយ គណៈកម្មាធិការសេដ្ឋកិច្ច គណៈកម្មាធិការសង្គម គណៈកម្មាធិការស្រ្តី និងគណៈកម្មាធិការរៀបចំ ជាដើម។
វត្តមានគណៈប្រតិភូសភាកម្ពុជានៅក្នុងវេទិកាស្ថាប័ននីតិប្បញ្ញត្តិតំបន់មួយនេះ ត្រូវបានមជ្ឈដ្ឋានអន្តរជាតិ មើលឃើញពីការ ចូលរួមយ៉ាងសកម្មរបស់សភាកម្ពុជាក្នុងការចូលរួមចំណែក ថែរក្សា សុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ជូន ប្រជាពលរដ្ឋនៅក្នុងតំបន់និងពិភពលោក ក្នុងភាពជាតំណាងពលរដ្ឋ។
គួរបញ្ជាក់ថា មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៣៧ នៅប្រទេសមីយ៉ាន់ម៉ា បានប្រារព្ធធ្វើឡើង ក្រោមប្រធានបទ «ភាពរស់រវើករបស់អាយប៉ា ចំពោះការរីកចម្រើនរបស់អាស៊ាន»។ នៅអំឡុងពេលចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៣៧នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា បានអញ្ជើញឡើងថ្លែងសុន្ទរកថាទៅកាន់ មហាសន្និបាតដោយសម្តេចបានបង្ហាញពីឆន្ទៈ សភាកម្ពុជាក្នុងការចូលរួមគ្រប់ សកម្មភាពអន្តរសភាអាស៊ានដើម្បីធានា ដំណើរការជាប្រក្រតី និងប្រសិទ្ធភាពការងារ របស់ស្ថាប័ននីតិប្បញ្ញត្តិក្នុងតំបន់នេះ ដែលត្រូវធ្វើការយ៉ាងជិតស្និទ្ធ ជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន៕