(ភ្នំពេញ)៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញសេចក្ដីណែនាំមួយស្ដីពីការត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានយន្ដ ព្រោះថាក្នុងចំណោមយានយន្ដពាក់ព័ន្ធក្នុងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក មានយាន្ដយន្ដកែច្នៃខុសលក្ខណៈបច្ចេកទេស ដូចជា ការតទ្រុង ការតកន្ទុយ ថែមភ្លៅឬកង់ ថែមឬខ្វះភ្លើងបំភ្លឺ ការប្រើបា្រស់កង់សឹងរេចរឹល ជាដើម។
បើតាមសេចក្ដីណែនាំ ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦នេះ បានកំណត់ថា ដើម្បីកាត់បន្ថយ និងលុបបំបាត់ការកែច្នៃយាន្ដយន្ដខុសលក្ខណៈបច្ចេកទេសឲ្យមានប្រសិទ្ធិភាព គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ធ្វើការណែនាំវិធានការរឹតបន្ដឹងច្បាប់ ដូចជានៅថ្នាក់ជាតិ ត្រូវបង្កើតក្រុមការងារត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ដដោយសេចក្ដី សម្រេចរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
សេចក្ដីណែនាំ បន្ថែមថា នៅថ្នាក់រាជធានី-ខេត្ត អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី-ខេត្ត ត្រូវបង្កើតក្រុមការងារ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ ដោយសេចក្ដីសម្រេចរបស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក រាជធានី-ខេត្ត ដែលមាន ទី១-អភិបាលរងរាជធានី-ខេត្ត ជាប្រធាន ទី២-ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត អនុប្រធានអចិន្ដ្រៃយ៍ ទី៣-ស្នងការនគរបាលរាជធានី-ខេត្ត អនប្រធាន ទី៤-មេបញ្ជាការកងរាជអាវុធរាជធានី-ខេត្ត អនុប្រធាន និងសមាជិក៣រូបទៀត។
ជាងនេះទៅទៀត ក្រុមការងារថ្នាក់ជាតិ និងក្រុមការងារថ្នាក់រាជធានី-ខេត្ត ត្រូវរាយការណ៍លទ្ធផលការងារមកកាន់អគ្គលេខាធិការដ្ឋាន នៃ គ.ស.ច.គ នៅរៀងរាល់ថ្ងៃទី២៥ នៃខែនីមួយៗ ជាកំណត់ ក្នុងករណីចាំបាច់ ត្រូវរាយការណ៍បន្ទាន់ជូនថ្នាក់ដឹកនាំ គ.ស.ច.គ ដើម្បីស្នើ សុំគោលការណ៍ដឹកនាំទាន់ពេល៕
ខាងក្រោមនេះ ជាសេចក្តីណែនាំ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលខ្លឹមសារទាំងស្រុង៖