(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត និងលោក អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្តកែប រួមជាមួយលោក-លោកស្រី ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប លោក-លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ កងកម្លាំងទាំងបី អាជ្ញាធរគ្រប់លំដាប់ថ្នាក់ពាក់ព័ន្ធ បានអញ្ជើញកាន់បិណ្ឌទី១ ជាមួយពុទ្ធបរិស័ទ ដោយមានការប្រគេនចង្ហាន់ និងប្រគេនទេយ្យទាន ទេយ្យវត្ថុផ្សេងៗទៀត ជូនព្រះសង្ឃ ដែលកំពុងគង់ចាំព្រះវស្សា នៅវត្តចរិយាវង្ស ស្ថិតនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នេះ។
មានមតិសំណេះសំណាលក្នុងពិធីកាន់បិណ្ឌ នាឱកាសនោះ លោកបណ្ឌិត សោម ពិសិដ្ឋ បានលើកឡើងថា ជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ប្រជាពលរដ្ឋខ្មែរ តែងតែប្រារព្ធនូវពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅតាមទីវត្តអារាម ដោយធ្វើជាចង្ហាន់រាប់បាត្រ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃតាមសទ្ធាជ្រះថ្លារៀងៗខ្លួន។
ពិធីបុណ្យភ្ជុំបិណ្ឌដែលធ្វើតាមទំនៀមទម្លាប់ពីដូនតា មកនេះ ត្រូវបានដក់ជាប់ក្នុងគំនិតប្រជាពលរដ្ឋខ្មែរ ដែលជាពុទ្ធសាសនិក តជំនាន់ ក្នុងគោលបំណង ដើម្បីឧទ្ទិសកុសល្យជូនទៅដល់ដូនតា ញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោក។ ម្យ៉ាងទៀតដើម្បីសុំសេចក្តីសុខចម្រើន និងបង្កើននៅសាមគ្គីធម៌ក្នុងសង្គមជាតិ។
លោក សោម ពិសិដ្ឋ បានបន្តថា ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បន្តវេនដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជារបស់យើង ទទួលបាននៅសុខសន្តិភាពពេញបរិបូរណ៍ ទើបយើងទាំងអស់គ្នាមានឱកាសមកធ្វើបុណ្យកាន់បិណ្ឌជាមួយគ្នា មានឱកាសជួបជុំ ពុក ម៉ែ បងប្អូន សាច់ញាត្តិបាន។
លោកបានសង្កត់ធ្ងន់ថា ដូចនេះ ពាក្យថា សន្តិភាព គឺមានតម្លៃណាស់ សម្រាប់ ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋគ្រប់រូប ហើយយើងទាំងអស់គ្នា នឹងប្តេជ្ញាចិត្តចូលរួមថែរក្សាសន្តិភាពនេះ ឱ្យបានគង់វង្ស និងមិនឲ្យជនអគតិណាមួយមកបំផ្លាញសុខសន្តិភាពនេះបានឡើយ៕