(បាត់ដំបង)៖ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាតដំបង ព្រមទាំង សមាជិកក្រុមប្រឹក្សាខេត្តលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកស្រី អស់លោក លោកស្រី ប្រធាន មន្ទីរស្ថាប័នអង្គភាពនានា ក្នុងខេត្តបាត់ដំបង​ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា​ ឆ្នាំ២០២៤នេះ បានយកបច្ច័យ វេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងវត្តពោធិ៍វាលស្ថិតក្នុង សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

នាឱកាសនោះ លោក សុខ លូ បានបញ្ជាក់ថា​ បុណ្យកាន់បិណ្ឌបានព្រឹត្តិទៅតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា ជាបន្តបន្ទាប់ ដោយក្តីសប្បាយរីករាយជ្រះថ្លាក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១នេះ ដែលជារៀងរាល់ឆ្នាំ សាសនិកជនទាំងអស់ ដែលកាន់ ព្រះពុទ្ធសាសនា តែងតែគោរពប្រណិបត្តិ នូវពិធីបុណ្យកាន់បិណ្ឌតាមទំនៀមទំលាប់ តាំងពីបុរាណ ដែលមានរយ:ពេល១៥ថ្ងៃ នៅគ្រប់ទីវត្តអា
រាមទូទាំងប្រទេស ដែលចាប់ផ្តើមពីថ្ងៃទី០១ រោច ខែភទ្របទ រហូតដល់ថ្ងៃទី១៤ រោច និងថ្ងៃ១៥ រោច ខែភទ្របទ គឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌធំតែម្តង។

លោកអភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណលោក លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរស្ថាប័ន អង្គភាពនានា ក្នុងខេត្តបាត់ដំបង ដែលបានចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេន ទី១នៅវត្តពោធិ៍វាល ព្រមទាំងគណៈកម្មការ អាចារ្យវត្ត​ និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ដែលបានខិតខំប្រឹងប្រែងលះបង់ធនធានផ្ទាល់ខ្លួនចូលរួមក្នុងវេណកាន់បិណ្ឌទី១ ដើម្បីប្រគេនដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់និងដើម្បីកសាងនូវសមិទ្ធផលក្នុងវត្តជាប្រយោជន៏ ទ្រទ្រង់ទាំងផ្នែកពុទ្ធចក្រនិងផ្នែកអាណាចក្រ សម្រាប់កូនចៅជំនាន់ក្រោយៗទៀតគោរពប្រណិបត្តិតាម។

លោកថា នេះគឺជាសេរីភាពដែលបង្ហាញអំពីទឹកចិត្តសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ដែលបានប្រគេនជូនតាមរយៈព្រះសង្ឃ ដែលជាស្រែបុណ្យ ក្នុងគោលបំណងដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញាណក្ខន្ឌ បុព្វការីជនមាន ជីដូន ជីតា ញាត្តិការទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមបានសោយសុខក្នុងឋានសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ នឹងសូមឧទ្ទិស កុសលផលបុណ្យដែលកើតមកពីបុណ្យកាន់បិណ្ឌទី១នេះសូមឲ្យទទួលបានមគ្គផលស្មើៗគ្នា។

លោក សុខ លូ និងលោកស្រី​ បាននាំយកទេយ្យទាន, ទេយ្យវត្ថុមាន អង្ករ, មី,ទឹកសុទ្ធ, ទឹកក្រូច និងបច្ច័យ ដែលបានពីការចូលរួមដ៏សទ្ធាជ្រះថ្លា របស់អស់លោក-លោកស្រី សប្បុរសជនមួយចំនួនធំ ដើម្បីវេរប្រគេនព្រះសង្ឃនៅវត្តពោធ៍វាល ដើម្បីទុកសំរាប់ប្រើប្រាស់ ទៅតាមតម្រូវការរបស់វត្តផងដែរ៕