(ភ្នំពេញ)៖ ពិធីបុណ្យប្រពៃណីតាមបែបព្រះពុទ្ធសាសនា គឺបុណ្យភ្ជុំបិណ្ឌដែលមានរយៈ១៥ថ្ងៃ បានឈានមកដល់ ទីបញ្ចប់ហើយ បើគិតមកដល់ថ្ងៃបុណ្យភ្ជុំបិណ្ឌធំនាថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦ម្សិលមិញនេះ។
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដែលទើបនឹងបញ្ចប់ទៅនេះ មានបងប្អូនប្រជាពលរដ្ឋខ្មែរដែលកាន់ព្រះពុទ្ធសាសនារាប់លាននាក់ទាំងនៅ ក្នុងប្រទេស និងនៅក្រៅប្រទេសបាននាំគ្នាចាកចេញពីផ្ទះសម្បែង និងទីកន្លែងប្រកបរបរទទួលទានធ្វើដំណើរទៅកាន់ស្រុកកំណើត ឬទីកន្លែងដែលឪពុក ម្ដាយរស់នៅដើម្បីបានជួបជុំក្រុមគ្រួសារ ជាពិសេសអ្នករស់នៅ និងប្រកប មុខរបរនៅទីក្រុងនិងទីរួមខេត្តនានា តែម្ដង រហូតដល់បងប្អូនខ្មែរយើងដែលរស់នៅក្រៅប្រទេស ក៏នាំគ្នាធ្វើដំណើរមកកាន់ មាតុប្រទេសវិញដើម្បីបានធ្វើបុណ្យជួបជុំ គ្រួសារចែករំលែក បុណ្យកុសលទៅកាន់ញាតិកាលទាំងប្រាំពីរសណ្ដានដែលបាន ចែកឋានទៅកាន់បរលោកខាងមុខអោយមកទទួល យកនូវអនិសង្ឃដែលកូនចៅ បងប្អូនសាច់ញាតិធ្វើបុណ្យបញ្ជូន ទៅអោយ។ ឥឡូវបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ហើយ ពុទ្ធបរិស័ទ្ធទាំងជិត ទាំងឆ្ងាយក៏បាននាំគ្នារូតរះ ធ្វើដំណើរទៅកាន់ លំនៅឋាន និងទីកន្លែងប្រកបរបរទទួលទានវិញជាបណ្ដើរៗហើយដែរ។
ក្នុងនាមអង្គភាពព័ត៌មាន Fresh News សូមបួងសួងដល់វត្ថុស័ក្ដសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សាប្រជាពលរដ្ឋខ្មែរប្រុស ស្រី ទាំងក្មេង ទាំងចាស់ សូមអោយការធ្វើដំណើររបស់បងប្អូនប្រកបដោយ សុខសុវត្ថិភាពដើម្បីទៅប្រកបរបរទទួលទាន មានការរីកចំរើនទទួលបាន ជោគជ័យ និងបើកបរសូមនាំគ្នាគោរពច្បាប់ចរាចរទាំងអស់គ្នាផងដែរ៕