(ភ្នំពេញ)៖ លោក ស្រី លូរាល់ មីលឺ (Laurel. E Miller) ប្រធាន និងជានាយកប្រតិបត្តិមូល​និធិ​អាស៊ី បានចាត់ទុក​សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំគំរូដ៏កម្រមួយរូបលើកិច្ចការមនុស្សធម៌ ដែលមេដឹកនាំលើ​ពិភព​លោកគួរតែរៀនសូត្រ។ គំរូភាពរបស់សម្តេចតេជោ លើកិច្ចការមនុស្សធម៌ ជាពិសេសការ​ទទួល​យកជនភៀស​ខ្លួនអាហ្វហ្កានីស្ថានមកស្នាក់នៅកម្ពុជាកាលពីឆ្នាំ២០២១ ត្រូវបានប្រធាន​មូលនិធិអាស៊ីលើកប្រាប់ទៅមេដឹកនាំលើពិភពលោកផងដែរ។

នៅព្រឹកថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកស្រី លូរាល់ មីលឺ បានដឹកនាំគណៈប្រតិភូ​នៃអង្គការមូលនិធិអាស៊ីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី។

ក្នុងជំនួបនេះ លោកស្រីប្រធានអង្គការមូលនិធិអាស៊ី បានសម្តែងនូវការដឹងគុណ និងស្ញប់ស្ញែងជា​ទី​​បំផុតចំពោះទឹកចិត្តប្រកបព្រហ្មវិហារធម៌ និងសប្បុរសធម៌របស់សម្តេចតេជោ ហ៊ុន សែន ដែល​បានអនុញ្ញាតឱ្យជនជាតិអាហ្វហ្កានីស្ថាន ដែលភាគច្រើនមានគ្រួសារជាបុគ្គលិកអង្គការមូលនិធិ​អាស៊ី បានភៀសខ្លួនពីអាហ្វហ្កានីស្ថានមកជ្រកកោនបណ្តោះអាសន្ននៅកម្ពុជា រហូតដល់មាន​ទី​ស្នាក់​អាស្រ័យថ្មីនៅប្រទេសអូស្ត្រាលី ឬសហរដ្ឋអាមេរិក។

កាលពីឆ្នាំ២០២១ គ្រាដែលក្រុមតាលីបង់ វាយគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថាននោះ មានជន​ជាតិអាហ្វហ្កានីស្ថានជាច្រើនបានភៀសខ្លួនចេញពីប្រទេសអាហ្វហ្កានីស្ថាន។ នៅពេលនោះ កម្ពុជា​បានទទួលជនជាតិអាហ្វហ្កានីស្ថានជាច្រើនគ្រួសារឱ្យស្នាក់នៅក្នុងប្រទេសកម្ពុជា។

លោកស្រីប្រធានអង្គការមូលនិធិអាស៊ី បានចាត់ទុកកាយវិការរបស់សម្តេចតេជោ ជាគំរូវីរភាព និងកាយវិការសប្បុរសប្រកបដោយព្រហ្មវិហារធម៌ មិនងាយ​រក​បាននោះឡើយ។ បន្ថែមពីលើនោះ លោកស្រីតែងលើកពីគំរូរបស់សម្តេចតេជោ ប្រាប់ទៅមេដឹកនាំរដ្ឋាភិបាលនៃបណ្តា​ប្រទេស​លើ​ពិភពលោក ដែលគួរ​តែ​យក​ជាគំរូ។ បើតាមលោកស្រី លូរាល់ មីលឺ បានឱ្យដឹងថា មេដឹកនាំ​ប្រទេស​នានា ដែលបានឮពីគំរូនៃសប្បុរសធម៌នេះ ក៏បានកោតសរសើរ​សម្តេច​តេជោផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការលើកទឹកចិត្តសម្តេច ពីសកម្មភាព​សប្បុ​រស ដែលសម្តេចតេជោ បានធ្វើកន្លងមក។ ជាពិសេសព្រមទទួលជនជាតិអាហ្វហ្កានីស្ថាន ភៀសខ្លួនពីសង្រ្គាម មកស្នាក់នៅបណ្តោះអាសន្នក្នុងប្រទេសកម្ពុជា។

សម្តេចតេជោ បានរំលឹកថា ការទទួលជនភៀសខ្លួនរបស់អាហ្វហ្កានីស្ថាននាពេលនោះ គ្មាន​ប្រ​ទេស​ណាមួយហ៊ានធ្វើទេ ព្រោះខ្លាចការសងសឹកពីក្រុមភេរវកម្ម ប៉ុន្តែកម្ពុជា ហ៊ានធ្វើក្រោម​មូល​ហេតុថា កម្ពុជា ប្តេជ្ញាការពារ​ឱ្យ​បាននូវសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិសំខាន់បំផុត​របស់​មនុស្សជាតិ។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេច​ផ្ទាល់ ធ្លាប់ជាជនភៀសខ្លួនពីសង្រ្គាម និង​ការ​តាម​សម្លាប់ពីរបបប៉ុលពត ដូច្នេះសម្តេចយល់ច្បាស់ពី​អារម្មណ៍​ត្រូវការគេជួយសង្គ្រោះ។

បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីការជួយសង្គ្រោះអ្នកទេសចរ​ពីលើនាវា Westerdam កាលពីខែកុម្ភៈ ឆ្នាំ២០២០ផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា នៅពេលនោះ​ព្រោះតែបារម្ភរឿងឆ្លងជំងឺ​កូវីដ១៩ អ្នកដំណើរលើនាវាជាង ២០០០នាក់ ត្រូវប្រឈមការ​ខ្វះ​ស្បៀង ទឹក និងប្រេង បន្ទាប់ពីនាវា​នេះ ត្រូវបានប្រទេសចំនួន៦ បដិសេធមិនឱ្យចូលចត។

សម្តេចតេជោ បានលើកឡើងថា សម្រាប់សម្តេចការជួយជីវិតមនុស្ស គឺសំខាន់ជាងការព្រួយ​បារម្ភ​នានា។ ពេលនោះសម្តេចមិនត្រឹមឱ្យនាវាចូលចតនៅកំពង់ផែខេត្តព្រះសីហនុប៉ុណ្ណោះទេ សម្តេចថែមទាំងទៅទទួល និងចាប់ដៃអ្នកដំណើរចុះពីនាវា Westerdam ថែមទៀតផង៕