(ភ្នំពេញ)៖ កំណាត់ផ្លូវចុងក្រោយ នៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ-ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានប្រវែង ៣៥,១៤គីឡូម៉ែត្រ សម្រចបានលទ្ធផលសាងសង់​បានចំនួន ២៥%ហើយ គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៤នេះ។ នេះបើតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យបណ្តាញព័ត៌មាន Fresh News ដឹងនៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។

លោក ផន រឹម បានបញ្ជាក់ថា កំណាត់ចុងក្រោយ ផ្លូវជាតិលេខ៥ សិរីសោភ័ណ-ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រវែង ៣៥,១៤គីឡូម៉ែត្រ មានវឌ្ឍនភាពដោយអន្លើៗ ដោយសម្រចបានលទ្ធផល ២៥%ហើយ គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៤នេះ។ កំណាត់ផ្លូវជាតិលេខ៥(សិរីសោភ័ណ-ប៉ោយប៉ែត) គឺជាកំណាត់ចុងក្រោយ នៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥។

គួរបញ្ជាក់ថា នៅរយៈពេលប៉ុន្មានថ្ងៃជាប់ៗនេះ ភ្លៀងបានបន្តធ្លាក់ឥតដាច់ ដែលជាផ្នែកមួយដ៏ធំនៃដំណើរការរាំងស្ទះខ្លះដល់ការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវ។

លោក ផន រឹម ក៏បានបញ្ជាក់ជូនថា គម្រោងនៃកំណាត់ចុងក្រោយនេះ នឹងបញ្ចប់ក្នុងអំឡុងឆ្នាំ២០២៥ ខាងមុខ (បើគ្មានការប្រែប្រួលទេ)។ ក្រុមការងារការដ្ឋានបានយកចិត្តទុកដាក់ខ្ពស់​លើកិច្ចការនេះ និងបានសម្រួលទាំងភ្លៀងដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ។

ក្នុងនាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម ក៏បាទសុំខន្តីអភ័យទោសចំពោះការរំខានក្នុងអំឡុងពេលសាងសង់ ហើយការដ្ឋានបានប្រឹងប្រែងនិងខិតខំឱ្យបញ្ចប់ការងារ​សាងសង់តាមកាលវេលាដែលបានគ្រោងទុក៕