(ពិភពលោក)៖ កាលពីឆ្នាំមុន ក្នុងកែវភ្នែកមនុស្ស លោកដុលណាល់ត្រាំ ត្រឹមជាមនុស្សកំប្លែង ជាមនុស្សនិយាយបែបប្រលោមលោកម្នាក់ដែលយើងមិនចូលចិត្ត ប៉ុន្តែបច្ចុប្បន្នលោកកំពុងក្លាយជាសេះដែលកំពុងស្ថិតក្នុងដំណាក់កាលនៃការរត់ប្រណាំងដណ្តើមដំណែងប្រធានាធិបតី។ ប្រសិនបើលោកជាប់ឆ្នោតនោះ សហរដ្ឋអាមេរិកទាំងមូលនឹងមានរឿងប្លែកៗជាច្រើនកើតឡើង។
តើអ្វីដែលនឹងមានការផ្លាស់ប្តូរ ប្រសិនបើបេក្ខជនប្រធានាធិបតីរូបនេះក្លាយជាមេដឹកនាំ?
១៖ គោលនយោបាយសេដ្ឋកិច្ច៖
* អ្វីដែលលោកត្រាំលើកឡើង៖
«អ្វីដែលសំខាន់សម្រាប់ខ្ញុំ គឺខ្ញុំចង់កាត់បន្ថយពន្ធក្នុងទ្រង់ទ្រាយធំមួយ»។ លោកត្រាំបន្តថា «ប្រសិនបើយើងមានបំណងចង់ឲ្យ សហរដ្ឋអាមេរិកក្លាយជាប្រទេសទីមួយសារជាថ្មី យើងចាំបាច់ត្រូវតែមានប្រធានាធិបតីមួយរូប ដែលដឹងពីរបៀបបង្កើនភាពជិតស្និត របៀបធ្វើកិច្ចចរចាជាមួយ ប្រទេសចិន និងមិនឲ្យប្រទេសនេះគំរាមកំហែងយើងដូចមុន»។
* អ្វីដែលអ្នកជំនាញលើកឡើង៖
បើយោងតាមសហប្រធានមជ្ឈមណ្ឌលគោលនយោបាយពន្ធដាលោក William G.Gale បានលើកឡើងថា «នេះត្រឹមតែជាក្តីស្រមើស្រមៃ និងមិនសមហេតុផលទាល់តែសោះ»។ អ្នកឯកទេសរូបនេះបានបន្តថា «ការកាត់ពន្ធក្នុងទ្រង់ទ្រាយធំ ជាការខាតបង់ប្រាក់ចំណូលជាច្រើន វានឹងបង្កើតជាលំអោនភាពសេដ្ឋកិច្ច។ ខ្ញុំមិនដឹងថាតើសមាជិកសភាបក្ស សាធារណរដ្ឋសម្រេចយល់ព្រមលើរឿងនេះដោយរបៀបណានោះទេ»។
* អ្វីដែលអាចកើតឡើង៖
លោកត្រាំមានគោលដៅកាត់បន្ថយពន្ធ ជាអកុសលលោកអាចបញ្ជាក់អះអាងថាតើលោកនឹងប៉ះប៉ូវទៅលើការធ្លាក់ចុះនៃប្រាក់ចំណូល ដែលបណ្តាលមកពីការកាត់ពន្ធដោយរបៀបណានោះទេ។ ហេតុនេះការប្រកួតប្រជែងផ្នែកពាណិជ្ចកម្មជាមួយចិននឹងមានការធ្លាក់ចុះ ហើយបញ្ហានេះនឹងមិនបញ្ចប់ជាមួយនឹងលទ្ធផលល្អឡើយ។
២. គោលនយោបាយការបរទេស
* អ្វីដែលលោកត្រាំលើកឡើង៖
«ខ្ញុំគិតថាខ្ញុំនឹងដើរស្របគ្នាជាមួយលោកពូទីន និងជាមួយប្រទេសដទៃទៀត ហេតុនេះយើងនឹងមានពិភពលោកមួយ ដែលមានស្ថិរភាពជាងមុន»។ «ដោយឡែកសម្រាប់ពួកឧទ្ទាមISIS ពួកគេមានប្រាក់ចំណូលច្រើនរកបានពីប្រេងដែលពួកគេកាន់កាប់ក្នុងប្រទេស ស៊ីរី និងប្រទេស អ៊ីរ៉ាក់។ ហេតុនេះខ្ញុំនឹងទម្លាក់គ្រាប់បែកដើម្បីបំផ្លាញចោល។ ខ្ញុំនឹងទម្លាក់គ្រាប់បែក ទៅលើមនុស្សភ្លើទាំងនោះ ជាការពិតខ្ញុំនឹងបំផ្ទុះបំពង់បង្ហូរប្រេង និងអណ្តូងប្រេង ខ្ញុំនឹងបំផ្លាញចោលទាំងអស់មិនបន្សល់ទុកសូម្បីតែបន្តិច ហេតុនេះនឹងគ្មានអ្វីសេសសល់ឡើយ»។
* អ្វីដែលអ្នកជំនាញលើកឡើង៖
អ្នកជំនាញផ្នែកគោលនយោបាយការបរទេសជិត១០០នាក់ បានលើកឡើងពីសេចក្តីថ្លែងការណ៍រួមដោយបានរិះគន់ទៅលើទស្សនៈរបស់លោកត្រាំថា «ដោយពិនិត្យទៅលើបំណងរបស់លោកយើងអាចសន្និដ្ឋានបានថា លោកមិនត្រឹមតែមានបំណងគំាទ្រការដកទ័ពពីប្រទេសមួយចំនួនប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការទំនោទៅរកយុទ្ធសាស្ត្រដែលធ្វេសប្រហែសថែមទៀតផង»។
* អ្វីដែលអាចកើតឡើង៖
ផ្នែកមួយនៃទស្សនវិស័យរបស់លោកត្រាំ សម្រាប់ «ស្ថិរភាពពិភពលោក» លោកបានប្រកាសក្តែងៗថា ការឈ្លានពានបរទេសមិនមែនជាសុភាវគតិទីមួយរបស់លោកឡើយ ដោយបេក្ខជនប្រធានាធិបតីរូបនេះបានសន្យាថា នឹងស្វាគមន៍គូសត្រូវចាស់ៗដែលចង់ក្លាយជាមិត្ត។
ផ្ទុយទៅវិញ លោកត្រាក៏ធ្លាប់បានប្តេជ្ញាធ្វើសង្គ្រាមពាណិជ្ជកម្ម ទម្លាក់គ្រាប់បែកនៅតំបន់មជ្ឈឹមបូព៌ា និងគាំទ្រការដាក់ទណ្ឌកម្មទៅលើអ្នកទោស ដោយប្រើវិធីជះទឹកលើក្រណាត់ដែលគ្របមុខមនុស្ស (water boarding)ជាដើម។ ការលើកឡើងទាំងនេះសុទ្ធតែមានលក្ខណៈផ្ទុយគ្នាទាំងស្រុង គ្មានអ្នកណាម្នាក់យល់ច្បាស់ថា តើអ្វីជាគោលនយោបាយបរទេសពិតប្រាកដរបស់លោកឡើយ សូម្បីតែលោកផ្ទាល់។
៣. ជនអន្តោប្រវេសន៍៖
ក្នុងយុទ្ធនាការបោះឆ្នោត មានរឿងដ៏សំខាន់មួយដែលលោកត្រាំបានសន្យាធ្វើ គឺកសាងជញ្ជាំងចម្ងាយ១០០០ម៉ាយល៍ តាមបណ្តោយបន្ទាត់ព្រំដែនប្រទេសម៉ិចស៊ិក និងនិរទេសន៍ជនអន្តោប្រវេសន៍។
* អ្វីដែលលោកបានលើកឡើង៖
«ជញ្ជាំងនឹងត្រូវបានកសាងឡើង។ ការកសាងជញ្ជាំងនឹងបានជោគជ័យ។ ហើយប្រសិនបើអ្នកគិតថាវាមិនអាចទៅរួចនោះ អ្វីដែលអ្នកត្រូវធ្វើគឺសួរជនជាតិអ៊ីស្រាអែល។ ជឿខ្ញុំទៅ ជញ្ជាំងប្រាកដជាធ្វើទៅបាន»។
លោកបន្តថា«នៅពេលដែលជនជាតិម៉ិចស៊ិកបញ្ជូនប្រជាពលរដ្ឋរបស់ខ្លួនមក ពួកគេមិនបានបញ្ជូនមនុស្សល្អនោះទេ។ ពួកគេបញ្ជូនមនុស្សដែលមានបញ្ហាជាច្រើន និងនាំយកមកនូវបញ្ហាជាច្រើនដូចជាថ្នាំញៀន បទឧក្រិដ្ឋ និងការចាប់រំលោភជាដើម»។
* អ្វីដែលអ្នកជំនាញលើកឡើង៖
លោក Michael Chertoff រដ្ឋមន្ត្រីសន្តិសុខក្រោមការដឹកនាំរបស់ប្រធានាធិបតី George W. Bush បានបញ្ជាក់ថា «ខ្ញុំមិនអាចស្រមៃឃើញរូបភាព ដែលយើងនឹងនិទេសន៍មនុស្ស១១លាននាក់ចេញពីដែនដីអាមេរិកក្នុងរយៈពេលត្រឹមពីរបីឆ្នាំដោយរបៀបណានោះទេ ខណៈដែលយើងគ្មាន Police State (ប៉ូលីសដែលមានអំណាចច្រើនក្នុងដៃ ក្នុងការគ្រប់គ្រងសកម្មភាពប្រជាពលរដ្ឋ)។ ជាអកុសលប៉ូលីសអាមេរិក គ្មានសិទ្ធទម្លាយចូលទ្វាផ្ទះអ្នកណាម្នាក់ គ្មានសិទ្ធសូម្បីចាប់អ្នកណាម្នាក់ដោយគ្មានដីកាបញ្ជាបានឡើយ»។
* អ្វីដែលអាចកើតឡើង៖
ប្រសិនបើគោលនយោបាយនេះត្រូវបានអនុវត្តន៍មែននោះ សហរដ្ឋអាមេរិកត្រូវចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់។ តាមការគណនាបានបង្ហាញថា ត្រឹមតែការធ្វើនិរទេសន៍ជនអន្តោប្រវេសន៍វាចំណាយពេលជាងពីរទសវត្សរ៍ ចំណែកការចំណាយប្រាក់យ៉ាងហោចណាស់ប្រមាណ៤០០ពាន់លានដុល្លារ។ តែបើទោះបីជាលោកប្តេជ្ញាប្រឹងប្រែងយ៉ាងណា ក៏គម្រោងនេះមិនអាចទៅរួចដែរ មិនថាតាមមធ្យោបាយណាក៏ដោយ។
៤. សិទ្ធរបស់ជនជាតិភាគតិច៖
ទន្ទឹមនឹងការបោសសម្អាតជនអន្តោប្រវេសន៍ លោក ត្រាំ បានបដិសេធមិនផ្តល់អត្តសញ្ញាណសម្រាប់ជនជាតិម៉ូស្លីម ដែលកើតនៅសហរដ្ឋអាមេរិកឡើយ ព្រមទាំងលើកឡើងថា ចលនា the Black Lives Matter ជាការជម្រុញការបាញ់ប្រហារទៅលើប៉ូលីសសហរដ្ឋអាមេរិក។
* អ្វីដែលលោកបានលើកឡើង៖
«វាមិនមែនជារឿងសប្បាយទេ ដែលជនជាតិស្បែកខ្មៅមានគណនីក្នុងសណ្ឋាគារ Trump Castle និង Trump Plaza របស់ខ្ញុំ ខ្ញុំមិនចូលចិត្តឲ្យពួកស្បែកខ្មៅមករាប់លុយរបស់ខ្ញុំឡើយ ខ្ញុំស្អប់រឿងនេះជាខ្លាំង»។
* អ្វីដែលអ្នកជំនាញលើកឡើង៖
សាស្ត្រាចារ្យប្រឆាំងការរើសអើងមនុស្សលោក Tim Wise បានលើកឡើងថា «អ្វីដែលមនុស្សនិយាយពីលោក Trump គឺលោកជាបុរសឯកទេសផ្នែកសេដ្ឋកិច្ច បាញ់ត្រង់ និយាយត្រង់ យ៉ាងនេះក្តីពួកគេនៅតែងាកមកនិយាយពីទស្សនៈវិស័យមិនល្អរបស់លោក ចំពោះមនុស្សផ្សេងទៀតផងដែរ»។
* អ្វីដែលអាចកើតឡើង៖
លោក ត្រាំតែងតែបញ្ជាក់ម្តងហើយម្តងទៀតក្នុងការវាយប្រហារ និងប្រើអំពើហិង្សាទៅលើបាតុករដែលប្រឆាំងលោក ភាគច្រើនគឺជនជាតិស្បែកខ្មៅ។ លោកក៏ធ្លាប់បានបង្ហាញការការពារចំពោះបុរសនិយាយភាសាអេស្ប៉ាញម្នាក់ ដោយលើកឡើងថា អ្នកប្រព្រឹត្តគឺជាមនុស្សដែលងុបងុលហួសហេតុពេក។ ហេតុនេះអំពើហិង្សាអាចនឹងកើតឡើងប្រសិនបើ លោកជាប់ជាប្រធានាធិបតី។
៥. មនុស្សស្រឡាញ់ភេទដូចគ្នា៖
* អ្វីដែលលោកបានលើកឡើង៖
«ក្នុងខណៈពេលនេះ ខ្ញុំនឹងនិយាយពាក្យថាទេ ទេចំពោះការរៀបការភេទដូចគ្នា»។ «ខ្ញុំស្អប់រឿងនេះជាខ្លាំង ខ្ញុំជាមនុស្សប្រពៃណីនិយម បើទោះបីជាខ្ញុំមានមិត្តភក្តិជាច្រើនដែលជាភេទទីបី តែខ្ញុំនៅតែជាមនុស្សដែលប្រពៃណីនិយមដដែល»។
* អ្វីដែលអ្នកជំនាញបានលើកឡើង៖
លោក James Esseks ប្រធានសហភាពសេរីភាពជនស៊ីវិលអាមេរិកLGCT & HIV Project បានលើកឡើងយ៉ាងខ្លីថា «ឱកាសសម្រាប់រឿងនេះ ពិតជាគ្មានទាល់តែសោះ»។
* អ្វីដែលអាចកើតឡើង៖
មិនខុសពីជនអន្តោប្រវេសន៍ ត្រាំ មិនអាចអនុវត្តន៍គម្រោងដ៏សំខាន់នេះបានឡើយ។ អ្នកជំនាញខាងច្បាប់បានបញ្ជាក់ថា យុទ្ធនាការរបស់លោកពាក់ព័ន្ធនឹងការប្រឆាំងជាតិសាសន៍ និងការស្រឡាញ់ភេទដូចគ្នា ហាក់ឆ្ងាយពីការពិត។
៦. សិទ្ធស្ត្រី៖
* អ្វីដែលលោកបានលើកឡើង៖
បុរសអតីតជាដៃគូបវរកញ្ញាពិភពលោករូបនេះ ធ្លាប់បានលើកឡើងនូវពាក្យមិនសមរម្យ ខ្ពើមរអើម និងប្លែកជាខ្លាំងចំពោះបញ្ហាផ្លូវភេទ។ បុរសរូបនេះធ្លាប់និយាយទៅកាន់កូនស្រីខ្លួនថា «ប្រសិនបើ Ivanka មិនមែនជាកូនរបស់លោកទេ ប្រហែលជាលោកធ្វើការណាត់ជួបនាងក៏អាចថាបាន»។ លោកបានលើកឡើងថា «ប្រសិនបើលោកស្រី ហ៊ីលឡារីគ្លីនតុន មិនអាចបំពេញចិត្តស្វាមីរបស់លោកស្រីបាន តើលោកស្រីអាចបំពេញចិត្តប្រជាពលរដ្ឋអាមេរិកដូចម្តេច?»
* អ្វីដែលអ្នកជំនាញលើកឡើង៖
សមាជិកសភា Senator Elizabeth Warren បានលើកឡើងថា «លោក ត្រាំ បានធ្វើយុទ្ធនាការប្រឆាំងជាតិសាសន៍ ប្រឆាំងការស្រឡាញ់ភេទដូចគ្នា និងការរំលូតកូនជាដើម ហេតុនេះលោកប្រហែលសាកសមធ្វើជាមេដឹកនាំរបស់ចលនាKKK (ចលនាប្រឆាំងការរើសអើងការស្រឡាញ់ភេទដូចគ្នា) ជាជាងធ្វើជាអ្នកគ្រប់គ្រងបក្សនយោបាយ»។
* អ្វីដែលអាចកើតឡើង៖
ការប្រឆាំងការរំលូតកូន ជារឿងដ៏កម្រ និងមិនធ្លាប់កើតមាននៅសហរដ្ឋអាមេរិក ហេតុនេះក្នុងករណីនេះ វានឹងបង្កក្តីបារម្ភច្រើនសម្រាប់ស្ត្រី ប្រសិនបើលោកត្រូវបានជ្រើសរើសជាមេដឹកនាំ។
៧. ទំនាក់ទំនងជាមួយចក្រភពអង់គ្លេស
* អ្វីដែលលោកបានលើកឡើង៖
ឆ្លើយតបទៅលើការចោទប្រកាន់កន្លងមករបស់អភិបាលក្រុងឡុងន៍ លោក Sadig Khan ដែលបានលើកឡើងថា លោកត្រាំ ជាមនុស្សល្ងង់ខ្លៅនោះ បុរសខ្លាំងរូបនេះបានលើកឡើងថា «ខ្ញុំគិតថានេះជាសេចក្តីថ្លែងការណ៍ដ៏គ្រោតគ្រាត» ហើយលោកប្រាប់ទៅវិញត្រង់ៗថា «ខ្ញុំនឹងចងចាំសេចក្តីថ្លែងការណ៍នេះរហូត។ នេះជាសេចក្តីថ្លែងការណ៍ដ៏ស្មោគគ្រោគមួយ»។ ដោយឡែកចំពោះលោក Cameron លោកត្រាំបានលើកឡើងថា «និយាយតាមត្រង់ ខ្ញុំមិនខ្វល់ វាមិនចោទជាបញ្ហានោះទេ។ មើលទៅយើងទាំងពីរនឹងគ្មានទំនាក់ទំនងល្អទៅទៀតឡើយ»។
* អ្វីដែលអ្នកជំនាញលើកឡើង៖
សមាជិកសភាពអង់គ្លេសធ្លាប់បានដាក់រហ័សនាមលោកត្រាំថា «មនុស្សឡប់សតិ ត្លុកកំប្លែង ទាក់ទាញការចាប់អារម្មណ៍ មនុស្សភ្លីភ្លើ គ្រោះថ្នាក់ មនុស្សឆ្កួត និងមនុស្សចូលចិត្តប្រមាថមើលងាយអ្នកដទៃ»។
* អ្វីដែលអាចកើតឡើង៖
ដោយអាស្រ័យទៅលើការឆ្លើយតបចំពោះការជេរប្រមាថទាំងនេះ ត្រាំ អាចនឹងគុំគួនជាខ្លាំងចំពោះអង់គ្លេស ប្រសិនបើលោកក្លាយជាប្រធានាធិបតី នោះទំនាក់ទំនងរវាងអង់គ្លេស និងអាមេរិកដែលធ្លាប់តែស្អិតរមួតមកនោះ នឹងមានភាពល្អក់កករ។ បើទោះបីជាមានអ្វីកើតឡើងក៏ដោយ តែយើងអាចធានាបានថា នឹងមានរឿងសើចយំជាច្រើនកើតឡើង ប្រសិនបើបេក្ខជនប្រធានាធិបតីរូបនេះកាន់អំណាច៕