(បន្ទាយមានជ័យ)៖ លោក អ៊ិន​ ចន្ថា​ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី​១៧​ ខែកញ្ញា​ ឆ្នាំ២០២៤​ បានដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន​៖ ក្រសួងអភិវឌ្ឍន៍ជនបទ​ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះធ្វើការត្រួតពិនិត្យ និងប្រគល់ទទួលផ្លូវថែទាំ ១ខ្សែប្រវែង​ ១៣គីឡូម៉ែត្រ​ តភ្ជាប់ពីផ្លូវជាតិ​ លេខ​៥៦ចំណុចភូមិស្ទឹង​ នៃឃុំរលួសទៅដល់ភូមិពង្រ​ ឃុំតាផូ​ ក្នុងស្រុកស្វាយចេក នៃខេត្តបន្ទាយមានជ័យ ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទ​ ក្នុងផែនការឆ្នាំ​២០២៤។

លោក​ ជា​ យុទ្ធារុណ​ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានបញ្ជាក់​ថា​ ការអភិវឌ្ឍ​ជនបទ​ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាព​ ក្នុងការកាត់បន្ថយភាពក្រីក្រ​ របស់ប្រជាពលរដ្ឋមិនត្រឹមតែប៉ុណ្ណោះ មន្ទីរអភិវឌ្ឍន៍ជនបទបានផ្ដោតទៅលើបញ្ហា​ ដែលបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ជនបទជួបប្រទះនូវការលំបាកដូចជា ការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ​ ការផ្គត់ផ្គង់ទឹកស្អាត បរិស្ថាននឹងធ្វើការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល​ របស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។

បញ្ចប់នៃការត្រួតពិនិត្យ​ និងវាយតម្លៃលើការងារថែទាំ​ផ្លូវ១ខ្សែ​ ក្រាលល្បាយគ្រួសប្រវែង​ ១៣គីឡូម៉ែត្ររួចមកក្រុមប្រតិភូអន្តរក្រសួ​ ដែលដឹកនាំដោយលោក អ៊ិន​ ចន្ថា​ បានចុះជួបសំណេះសំណាល មួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ​ ពីសំណាក់លោក ឆាយ​ ឫទ្ធីសែន​ រដ្ឋ​មន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទផងដែរ​។

ទន្ទឹមនឹងនោះ លោក អ៊ិន​ ចន្ថា បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់​ ចំពោះអស់លោកលោកស្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទ​ ដែលបានខិតខំ​ បំពេញការងារភារកិច្ចដោយភាពទទួលខុសត្រូវ​ មានសាមគ្គីភាពផ្ទៃក្នុង​ ជាពិសេសត្រូវបន្តអនុវត្តត្រួតពិនិត្យ​ និងថែទាំផ្លូវប្រកបដោយគុណភា​ព​ ប្រសិទ្ធភាព​ ក្នុងការប្រើប្រាស់​ ដើម្បីធានាថាផ្លូវនេះ អាចប្រើប្រាស់បានយូរអង្វែង ដើម្បីបម្រើផលប្រយោជន៍ ជូនដល់ប្រជាពលរដ្ឋយើង។

លោក៏បានសូមផ្ដាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមចូលរួមថែទាំផ្លូវនេះឲ្យបានល្អ​ និងជួយទប់ស្កាត់រថយន្តដឹកលើសទម្ងន់​ ហើយកុំចាក់ដីលុប​ បង្អូ​រ​ អមសងខាងផ្លូវ​ ពិសេសគោរពច្បាប់ចរាចរណ៍​ ឲ្យបានជាប្រចាំ​។

បញ្ចប់នៃកម្មវិធី​ សំណេះសំណាល​ ក៏បានផ្តល់ជូន​ ជាកន្សែងដល់បងប្អូន​ ដែលចូលរួមផងដែរ៕