(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំដល់កម្លាំងនគរបាល និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការអប់រំច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋតាមគ្រប់រូបភាព គ្រប់មធ្យោបាយ និងគ្រប់ទីកន្លែងទាំងអស់ សំដៅឲ្យពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ប្រសើរជាងការខ្លាចនគរបាល។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយអ្នកបើកបរផ្តល់សេវា ដឹកជញ្ជូនទំនិញ និងអាហារ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ស ថេត បង្ហាញការយល់ឃើញថា ការផាកពិន័យទៅលើប្រជាពលរដ្ឋ ដែលមិនគោរពច្បាប់ ហាក់មិនមានប្រសិទ្ធភាពជំរុញឲ្យពលរដ្ឋគោរពច្បាប់ឡើយ ពោលមានតែធ្វើបាបពលរដ្ឋទៅវិញ។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានថ្លែងយ៉ាងដូច្នេះថា «បើត្រឹមតែយើងម្នាក់ៗ ដែលប្រើប្រាស់ផ្លូវយើងមិនគោរពច្បាប់ ខ្លាចតែនគរបាល ច្បាប់នោះ គោលការណ៍នោះ ការអនុវត្តនោះ យន្ដការផ្សេងៗមិនជោគជ័យទេ។ ឧទាហរណ៍ថា មិនពាក់មួកសុវត្ថិភាព ផាក១លានរៀល ក៏នៅតែមិនជោគជ័យ បែរជាធ្វើបាបពលរដ្ឋវិញ នេះមិនមែនជាចំណុចមួយកែឲ្យមនុស្សគោរពច្បាប់ទេ»

បើតាមនាយឧត្តមសេនីយ៍ ស ថេត, នៅពេលប្រជាពលរដ្ឋមានស្មារតីគោរពច្បាប់ហើយនោះ តាមដងផ្លូវមិនចាំបាច់មានភ្លើងស្ដុប ឬនគរបាលចរាចរណ៍ទៀតនោះទេ។ ប៉ុន្ដែការងារនេះត្រូវប្រើប្រាស់ពេលវេលា ហើយទាមទារឲ្យគ្រប់អ្នកពាក់ព័ន្ធចូលរួមសហការដើម្បីបង្កើនការផ្សព្វផ្សាយ និងអប់រំពលរដ្ឋតាមគ្រប់រូបភាពទាំងអស់។

សូមជម្រាបថា ត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ អត្រាចំនួនគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើងរហូតដល់១,៥៣៤ករណី បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៧៩៣នាក់, របួសចំនួន២,១១៦នាក់ ក្នុងនោះធ្ងន់១២៣៤នាក់។

មូលហេតុករណីគ្រោះថ្នាក់បណ្តាលមកពីល្បឿន៤០ភាគរយ, មិនគោរពសិទ្ធអាទិភាព២៤ភាគរយ, មិនប្រកាន់ស្តាំ៩ភាគរយ, ប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់៧ភាគរយ, កត្តាយាន្ត៤ភាគរយ, បើកបរក្នុងស្ថានភាពស្រវឹង៣, ភាគរយងងុយគេង១ភាគរយ, មិនគោរពសញ្ញាចរាចរណ៍១ភាគរយ, អាកាសធាតុ១ភាគរយ និងអ្នកថ្មើរជើង១ភាគរយ។ ភូមិសាស្ត្រដែលមានគ្រោះថ្នាក់ច្រើន មានចំនួន១១រាជធានី-ខេត្ត គឺខេត្តកណ្តាល, ស្វាយរៀង, សៀមរាប, កំពង់ស្ពឺ, ត្បូងឃ្មុំ, កំពង់ឆ្នាំង, ប៉ៃលិន, ព្រះសីហនុ, បន្ទាយមានជ័យ, កែប និងខេត្តកំពង់ធំ។ ដោយឡែក លទ្ធផល នៃការរឹតបន្តឹងច្បាប់ សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យយាន្តយន្តសរុប៨៤,២៩២គ្រឿង និងពិន័យយាន្តយន្តសរុប៦៤,២៩៦គ្រឿង៕