(ភ្នំពេញ)៖ ក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋខ្មែរ ជាពុទ្ធបរិស័ទនៅទូទាំងប្រទេស ដែលគោរព ប្រតិបត្តិ ទំនៀមទំលាប់ ប្រកាន់ភ្ជាប់ ប្រពៃណី ព្រះពុទ្ធសាសនា ហើយតែងតែធ្វើបុណ្យធ្វើទាន នៅគ្រប់រដូវកាលនៃពិធីបុណ្យនីមួយៗ ជារៀងរាល់ឆ្នាំនោះ សម្រាប់ឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកស្រី ទុយ សិរីរតនៈ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តពិភទ្ទរង្ស៊ី ហៅវត្តចិនដំដែកខាងជើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលជាវេនរបស់ក្រសួងព័ត៌មាន។

ពិធីបុណ្យកាន់បិណ្ឌវេនទី១ បានប្រព្រឹត្តនៅថ្ងៃទី១៨ ខែកញ្ញា ដោយនៅរសៀលថ្ងៃអង្គារ៍ ១៥កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ជួបជុំដើមវេន ដឹកនាំដោយលោក នេត្រ ភក្ត្រា និងលោកស្រី ទុយ សិរីរតនៈ រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន និងពុទ្ធបរិស័ទ ដើម្បីប្រារព្ធបទនមស្ការ ចំពោះគុណព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសំដែងធម្មទេសនា ទាក់ទងទៅនិងពិធី បុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ ដែលជាពិធីមួយត្រូវ បានពុទ្ធបរិស័ទខ្មែរ ទូទាំងប្រទេស ប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ក្នុងជំនឿយ៉ាងមុតមាំលើ ទស្សនះ កម្មផល ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់។

គួររំលឹកដែរថា បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតជាច្រើន នៃប្រពៃណីព្រះពុទ្ធសាសនារបស់ពុទ្ធសាសនិកប្រជារាស្រ្តខ្មែរគ្រប់ៗរូបទូទាំងព្រះរាជាណាចក្រកម្ពុជាតាំងពីបុរាណរៀងមក។ នៅក្នុងឆ្នាំនេះ បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ហើយសម្រាប់ឆ្នាំនេះ បិណ្ឌ១ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤។

ពិធិបុណ្យកាន់បិណ្ឌវេនទី១ សម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងព័ត៌មាន បានបន្តដោយនៅ ព្រឹកឡើងថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំរោង ត្រូវនឹងថ្ងៃទី១៨ ខែ ឆ្នាំដដែល លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកស្រី ទុយ សិរីរតនៈ រួមជាមួយលោក លោកស្រី ជារដ្ឋលេខា ធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃក្រសួងព័ត៌មាន បានធ្វើការ ប្រគេនយាគូ រាប់បាត និងវេរភត្តាហារ ព្រមទាំង និមន្តព្រះសង្ឃ ដារ បង្សកូលពហូឆ្លង ដើម្បីជាកិច្ចឧទ្ទិសកុសលជូនចំពោះញាតិកាទាំង ៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខសូមជួបតែសេចក្តីស្ងប់ ក្នុងសុខគតិភព ជារៀងរហូត៕