(ហ្សឺណែវ, ស្វីស)៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានជួបប្រជុំទ្វេភាគីជាមួយលោក Johnny Hadley លេខាទី១ នៃស្ថានតំណាងអចិន្ត្រៃយ៍ប្រទេស មីក្រូនេស៊ី ប្រចាំនៅអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

លោកបណ្ឌិត បានស្នើ មីក្រូនេស៊ី បោះឆ្នោតគាំទ្រសេចក្តីសម្រេចអង្គការសហប្រជាជាតិ ស្តីពី ការអនុវត្តអនុសញ្ញាអូតាវ៉ា ចូលរួមក្នុងសកម្មភាពរបស់អនុសញ្ញា និងពិចារណាចូលជារដ្ឋភាគីនៃអនុសញ្ញា។

នាឱកាសនៃជំនួបទ្វេភាគីនេះ លោកបណ្ឌិត បានគូសបញ្ជាក់ថា កម្ពុជាក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ា ចង់ឱ្យប្រទេសទាំងអស់នៅក្នុងតំបន់ប៉ាស៊ីហ្វិក ចូលរួមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា ដើម្បីឆ្ពោះសម្រេចបានតំបន់ប៉ាស៊ីហ្វិកទាំងមូល គ្មានការគំរាមកំហែងដោយសារមីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្រ្គាមនានា។

ជាមួយគ្នានេះ លោកក៏បានស្នើដល់ប្រទសមីក្រូនេស៊ី លើកទឹកចិត្តដល់ប្រទេសពីរផ្សេងទៀតនៅក្នុងតំបន់ប៉ាស៊ីហ្វិក រួមមាន៖ តុងហ្គា និងកោះម៉ាសាល់ ឱ្យចូលរួមក្នុងសកម្មភាពរបស់អនុសញ្ញា និងចូលជារដ្ឋភាគី ផងដែរ។

ជាការឆ្លើយតប លោក Johnny Hadley បានថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ា និងបង្ហាញពីឆន្ទៈចូលរួមគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងគោលការណ៍របស់អនុសញ្ញាអូតាវ៉ា ដោយលោកនឹងលើកសំណើរបស់កម្ពុជា បន្តទៅកាន់រដ្ឋាភិបាលរបស់មីក្រូនេស៊ី និងបានលើកឡើងអំពីសកម្មភាពខ្លះៗ ដែលលោកអាចធ្វើបាន ដើម្បីបង្កើនកិច្ចសហការជាមួយប្រទេសមីក្រូនេស៊ី តុងហ្គា និងកោះម៉ាសាល់ និងលើកទឹកចិត្តដល់ប្រទេសទាំងបី ពិចារណាចូលរួមគាំទ្រអនុសញ្ញាអូតាវ៉ា និងចូលជារដ្ឋភាគី៕