(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់ក្រុមហ៊ុន សិលា ផិបភើរ ខូអិលធីឌី ឱ្យខិតខំអភិវឌ្ឍខ្លួនជាពិសេស ពង្រីកគុណភាពឱ្យបានល្អជាបន្តបន្ទាប់ ដើម្បីជួយកសិករនូផ្នែកកែច្នៃ និងនាំចេញ។
ការលើកឡើងបែបនេះរបស់លោករដ្ឋមន្រ្តី ធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសដែលលោក បានទទួលជួបសម្តែងការគួរសមពី គណៈប្រតិភូក្រុមហ៊ុន សិលា ផិបភើរ ខូអិលធីឌី នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំអំពីកម្មវិធីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្មរបស់រាជរដ្ឋាភិបាល ដែលផ្ដោតសំខាន់លើការរក្សាលំនឹងថ្លៃកសិផល និងការកសាងសហគមន៍កសិកម្មទំនើបដែលអាចជួយដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាកសិករ។
លើសពីនេះ លោក ឌិត ទីណា បានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យមានការអភិវឌ្ឍបន្ថែមទៀត ដោយផ្តោតលើគុណភាពល្អប្រណីតមានស្តង់ដារខ្ពស់ ជួយកសិករនៅផ្នែកកែច្នៃ និងនាំចេញទៅទីផ្សារ ធ្វើយ៉ាងណាឱ្យខ្សែច្រវាក់តម្លៃ មានភាពល្អប្រសើរ ផ្ដោតលើគុណភាព ជាជាងប្រកួតប្រជែងលើបរិមាណ។
បើតាម លោករដ្ឋមន្ត្រី ក្រុមហ៊ុនអាចពិចារណាសហការជាមួយសហគមន៍កសិកម្មទំនើប ដែលអាចផលិតទៅតាមតម្រូវការរបស់ក្រុមហ៊ុន មានគុណភាពល្អ មានធនធានគ្រប់គ្រាន់សម្រាប់ផលិតកម្ម មានប្រសិទ្ធភាពសេដ្ឋកិច្ច ទទួលបានការវិនិយោគ និងចែករំលែកផលចំនេញទាំងអស់គ្នា។
លោកបានគូសបញ្ជាក់ថា «វិស័យកសិកម្មត្រូវការការចូលរួមពីវិស័យឯកជននិងក្រុមហ៊ុន លើកកម្ពស់ការអនុវត្តកសិកម្មតាមកិច្ចសន្យា (Contract Farming) ផលិតកសិផលមានគុណភាព និងមានតម្លៃបន្ថែមខ្ពស់»។
សម្រាប់កម្ចីដែលមានអត្រាការប្រាក់ទាប រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា បានណែនាំឱ្យក្រុមហ៊ុនសហការជាមួយនឹងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដើម្បីអាចមានលទ្ធភាពក្នុងការធ្វើការជាមួយធនាគារពាក់ព័ន្ធក្នុងការផ្តល់កម្ចី ដោយឆ្លងកាត់ការគិតគូរនិងការវាយតម្លៃច្បាស់លាស់ ព្រមទាំងមានលទ្ធភាពសងត្រលប់៕