(ភ្នំពេញ)៖ លោកស្រី ជា ស៊ីណា ឃួងស្រេង ប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជាសាខារាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នាព្រឹកថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីសប្បុរសធម៌ ចែករំលែកសម្ភារ នៃយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» របស់សមាគមកាយឫទ្ធិនារីកម្ពុជា និងអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនសមាជិកមូលនិធិត្រីចក្រយានកម្ពុជាប្រមាណ៣០០នាក់ នៅសាលារាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកស្រី ជា ស៊ីណា បានលើកឡើងថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តែងខ្វាយខ្វល់ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែងនៅទូទាំងប្រទេស។ ជាក់ស្តែងសំរាប់ពេលនេះ សម្តេច និងលោកជំទាវ បានខ្វាយខ្វល់ចំពោះសុខទុក្ខលោកអ៊ុំ លោកពូ ដែលជាសមាជិកមូលនិធិត្រីចក្រយាន ដោយបានផ្តល់ជាអំណោយ ជូនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយក្នុងម្នាក់ៗទទួលបាន ថវិកា ៤ម៉ឺនរៀល, មី ១កេសតូច, ទឹកដោះគោ ៥កំប៉ុង, ត្រីខ ១យួរ, តែ ១កញ្ចប់, ខោ-អាវ២០ ដែលទទួលបាន ពីយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» របស់សមាគមកាយឫទ្ធិនារីកម្ពុជា។
លោកស្រីបានបន្តទៀតថា សមាគមកាយឫទ្ធិនារីកម្ពុជា ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រេចបានលទ្ធផលជាច្រើន និងទទួលបានការចាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋាន រហូតមានការចូលរួមយ៉ាងគគ្រឹកគគ្រេង។ បើមិនមានការចូលរួមពីបងប្អូនប្រជាណលរដ្ឋ អាជីវករ និងមន្រីរាជការទេ សមាគមកាយឫទ្ធិនារីកម្ពុជា ក៏មិនអាចមានសកម្មភាពផុលផុស ដូចពេលនេះដែរ។
លោកស្រី ជា ស៊ីណា ក្នុងឱកាសនោះ ក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរួមគ្នាជួយអភិរ័ក្សស៊ីក្លូ តាមរយៈការជួយជិះដើរលេងកំសាន្ត ថតរូបជាអនុស្សាវីយ៍ ដើម្បីអោយកូនចៅយើងសម័យក្រោយៗ នៅតែស្គាល់ស៊ីក្លូរបស់យើង រហូតតទៅ។ ជាមួយគ្នានេះ លោកស្រីក៏បានសូមឲ្យលោកអ៊ុំ លោកពូ សមាជិកមូលនិធិត្រីចក្រយាន ខិតខំថែរក្សាសុខភាពឲ្យបានល្អ ដោយប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត៕