(រតនគិរី)៖ នាល្ងាចថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី, លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកស្រី បានអញ្ជើញប្រារព្ធពិធីសូត្រមន្ដនមស្ការព្រះរតនត្រ័យ និងស្ដាប់ធម្មទេសនា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី១ ក្នុងវត្តឦសាន្តរតនារាម ហៅវត្តភ្នំស្វាយ ស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង។ អញ្ជើញចូលរួមក្នុងពិធីនេះ មានអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹក
នាំមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ។
លុះព្រឹកឡើងថ្ងៃពុធ១រោជ ទី១៨ ខែឆ្នាំដដែលថ្នាក់ដឹកនាំខេត្ត បាននាំយកចង្ហាន់បានរាប់បាត្រប្រគេនព្រះសង្ឃវេដាឆ្លងជាកិច្ចបញ្ចប់នៃការកាន់បិណ្ឌវេនទី១។ សូមបញ្ជាក់ថា នៅក្នុងឱកាសកាន់បិណ្ឌវេនទី១នេះ ថ្នាក់ដឹកនាំខេត្តបាននាំយកនូវគ្រឿង
ឧបភោគបរិភោគប្រគេនព្រះសង្ឃក្នុងទីអារាមខាងលើរួមមាន៖ អង្ករ៤បេ, ទឹកស៊ីវអ៊ីវ១០យួរ, ប្រេងឆា២ដប, អំបិល២០គីឡូក្រាម, ប៊ីចេង៤គីឡូក្រាម, ទឹកសុទ្ធ៤កេស, ភេជ្ជៈខារាបាវ២កេស និងបច្ច័យ២លានរៀល។ ដោយឡែក ឆ្លើយតបនឹងបិណ្ឌបាត្ររបស់ព្រះសង្ឃលោក ញ៉ែម សំអឿន និងលោកស្រីបានប្រគេនបច្ច័យ១លានរៀល និងលោកជា ថាវរិទ្ធ ១លាន សម្រាប់ពេញមួយឆ្នាំដែរ។
អត្ថន័យ នៃពិធីបុណ្យភ្ជុំបិណ្ឌ!
ជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធនូវពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅតាមទីវត្តអារាម ដោយធ្វើជាចង្ហាន់រាប់បាត្រប្រគេនព្រះសង្ឃ។ ពិធីបុណ្យដែលធ្វើតាមទំនៀមពីដូនតាមកនេះ ត្រូវបានដក់ជាប់ក្នុងគំនិតប្រជាពលរដ្ឋខ្មែរតជំនាន់មកថា វាជាពិធីដើម្បីឧទ្ទិសកុសល្យជូនទៅដល់ដូនតា និងញាតិកាទាំង៧សណ្តានដែលបានចែកឋានទៅ។ ពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានចែកចេញជាពីរគឺ៖
*ទី១៖ ជារយៈពេល នៃការកាន់បិណ្ឌចាប់ពីថ្ងៃទី១រោចខែភទ្របទ រហូតដល់ថ្ងៃ១៤រោច ដោយប្រជាពលរដ្ឋខ្មែរតែងធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃ។
*ទី២៖ ថ្ងៃចុងក្រោយ គឺថ្ងៃ១៥រោច ដែលជាថ្ងៃភ្ជុំបិណ្ឌប្រជាពលរដ្ឋតែងធ្វើការជួបជុំគ្នាដើម្បីឆ្លងនូវសធាជ្រះថ្លា ដែលបានថ្វាយទានចំពោះភិក្ខុសង្ឃក្នុងរយៈពេល១៤ថ្ងៃកន្លងមក។
ខ្មែរយើង គឺជាជនជាតិមួយដែលមានការដឹងគុណចំពោះបុគ្គលដែលបានធ្វើឧបការៈដល់ខ្លួន ពោលគឺអ្នកកាន់ព្រះពុទ្ធសាសនាប្រកាន់យកគោលការណ៍ នៃការដឹងគុណ ហើយការដឹងគុណនេះ មិនមែននិយាយត្រឹមតែដូនតា ឬក៏ញាតិមិត្តរបស់ខ្លួនទេ គឺជាការដឹងគុណតាំងពីធម្មជាតិ ដឹងគុណពីអ្នកដទៃបើមិនជាប់ជាញាតិរបស់ខ្លួនយ៉ាងណាក៏ដោយ ប៉ុន្តែសម្តែងនូវទឹកចិត្តដឹងគុណ ដែលហៅថា កតញ្ញូតាធម៌ ទើបមានការឈានទៅធ្វើពិធីទាំងអស់នេះបាន ព្រោះបើយើងអត់មានកតញ្ញូនៅក្នុងចិត្តទេ គឺមិនអាចទៅធ្វើពិធីបុណ្យនេះបានទេ។
និយាយជារួមមក ពិធីបុណ្យភ្ជុំបិណ្ឌនេះ ដូនតាខ្មែរបានប្រារព្ធធ្វើឡើងក្នុងគោលបំណងបង្រៀនទៅដល់កូនចៅឱ្យដឹងអំពីកំណើត ចេះគោរព ដឹងគុណ និងមានកតញ្ញូធម៌។ យើងជាជនជាតិខ្មែរ ត្រូវស្គាល់អំពីកំណើត និងការដឹងគុណ។ «សូមចូលរួមចំណែកដើម្បីរក្សាវប្បធម៌ជាតិយើង ពិសេសបំផុតគឺបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីក្លាយជាអ្នកបន្តវេនជំនាន់ក្រោយទៀត រក្សាតម្លៃដ៏ពិសិដ្ឋ នៃកតញ្ញូធម៌»៕