(តាកែវ)៖ លោក កេត ម៉ៅ អភិបាលស្រុកសំរោង និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុក រួមជាមួយសមាជិកក្រុមប្រឹក្សាស្រុក និងអភិបាលរងស្រុក ព្រមទាំងមន្រ្តីក្រោមឱវាទទៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញ ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រលំបាកចំនួន១០គ្រួសារ ស្ថិតនៅក្នុង ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។
ស្ថិតនៅក្នុងឱកាសនោះ លោកអភិបាលស្រុក បានថ្លែងថា ការចុះមកសួរសុខទុក្ខនៅពេលនេះ គឺយោងទៅតាមការណែនាំរបស់លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានសាខាកាកបាទក្រហមខេត្តតាកែវ ដែលតែងតែយកចិត្ត ទុកដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងបានចាត់ឱ្យរូបលោក រួមនឹងក្រុមការងារនាំយកអំណោយរបស់អនុសាខាកាកបាទក្រហមស្រុកមកចែក ជូនដល់បងប្អូនប្រជាពលរដ្ឋទាំង១០គ្រួសារ ដែលកំពុងជួបការលំបាក លើជីវភាពរស់នៅប្រចាំថ្ងៃ។
អំណោយដែលយកមកចែកជូននៅពេលនេះដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥ គីឡូក្រាម ឃីតមួយ ទឹកត្រី ៣ដប ទឹកស៊ីអុីវ ៣ដប ប្រេងឆា ១ដប មីយើង ១កេស ត្រីខ ១យួរ និងថវិកា ២០,០០០រៀល៕