(ភ្នំពេញ)៖ បន្ទាប់ពីបានស្វាគមន៍អ្នកចូលទស្សនាជាង ៥,៣០០នាក់កាលពីឆ្នាំមុន ដែលជាចំនួនដ៏ច្រើនមិនធ្លាប់បាន ស្ថានទូតបារាំងប្រចាំកម្ពុជា នឹងបើកទ្វារសាជាថ្មី ជូនសាធារណជនឱ្យចូលទស្សនា នៅក្នុងទិវាបេតិកភណ្ឌ នាថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ ចាប់ពីម៉ោង០៨ព្រឹកដល់រហូតម៉ោង៤រសៀល។
ព្រឹត្តិការណ៍នេះធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃទិវាបេតិកភណ្ឌអឺរ៉ុប ដើម្បីអនុញ្ញាតឱ្យសាធារណជនអាចស្វែងយល់ ឬស្វែងយល់ជាថ្មីអំពីស្ថានទូតដែលពោរពេញដោយប្រវត្តិសាស្ត្រ ដែលជាតំបន់បៃតងធំជាងគេមួយនៅរាជធានីភ្នំពេញ និងជាពិសេសបានមកកម្សាន្តនៅក្នុងឧទ្យានស្ថានទូតទំហំ ៤,៧ហិកតា ហើយក៏ជាជម្រកនៃជីវៈចម្រុះ ក្នុងនោះមានដើមឈើជាង២០០ដើម ត្រូវជាប្រមាណ៥០ប្រភេទ និងសត្វប្រមាណ៣០ប្រភេទ ដូចជាសត្វស្លាប ស្វា ឈ្លូស និងសត្វល្អិតជាដើម។
អ្នកទស្សនាក៏នឹងឃើញផងដែរនូវទ្វាររបងចាស់មួយរបស់ស្ថានទូត ដែលបានឆ្លងកាត់ប្រវត្តិដ៏ជូរចត់នៅពេលដួលរលំក្រុងភ្នំពេញនៅឆ្នាំ១៩៧៥ ពោលគឺកាលពីជិត៥០ឆ្នាំមុន។ នៅពេលចេញពីស្ថានទូត សាធារណជនអាចទស្សនាការតាំងពិព័រណ៍រូបថតនៅលើរបងស្ថានទូត ដែលបង្ហាញពីការរ៉ាបែបកីឡា Breakdance កម្ពុជា។ ការរាំប្រភេទនេះត្រូវបានដាក់បញ្ចូល ក្នុងចំណោមវិញ្ញាសាកីឡាអូឡាំពិកប៉ារីស៍២០២៤ ដែលទើបបញ្ចប់កាលពីពេលថ្មីៗនេះ។ ដំណើរកម្សាន្តអបដោយការពន្យល់ពីមគ្គុទ្ទេសក៍ជាភាសាខ្មែរ បារាំង និងអង់គ្លេស ក៏គ្រោងនឹងរៀបចំផងដែរ។
ការទស្សនាធ្វើឡើងដោយសេរី ជាពិសេសនៅពេលព្រឹក ដែលតម្រូវឱ្យមានការឈរតម្រង់ជួរ និងមិនបាច់ចុះឈ្មោះជាមុន ប៉ុន្តែចំនួនអ្នកទស្សនាអាចនឹងមានច្រើន។ ចំពោះកាបូបធំៗ និងរបស់របរដែលអាចបង្កគ្រោះថ្នាក់ មិនអនុញ្ញាតឱ្យយកចូលក្នុងស្ថានទូតឡើយ។ អ្នកទស្សនាអាចយកមកជាមួយនូវទឹកសម្រាប់ទទួលទាន និងត្រូវពាក់ស្បែកជើង សមស្របសម្រាប់ការដើរទស្សនានៅក្នុងឧទ្យាន ដែលកន្លែងខ្លះមានក្រាលថ្មតូចៗនិងខ្លះទៀតជាស្មៅ។
ផ្តួចផ្តើមឡើងនៅឆ្នាំ១៩៨៥ ដោយប្រទេសបារាំង ទិវាបេតិកភណ្ឌអឺរ៉ុបសព្វថ្ងៃត្រូវបានប្រារព្ធនៅក្នុងប្រទេសជាង៥០។ នៅកម្ពុជា អគារដែលមានតម្លៃបេតិកភណ្ឌគួរឱ្យកត់សម្គាល់ផ្សេងៗទៀត ក៏នឹងបើកទ្វារសម្រាប់សាធារណជនចូលទស្សនានៅថ្ងៃទី២១ ខែកញ្ញា ផងដែរ ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលនឹងបើកឲ្យទស្សនាជាលើកទីមួយ, ការិយាល័យអង្គការយូណេស្កូ, សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងអភិរក្សដ្ឋានអង្គរនៅខេត្តសៀមរាប។ សម្រាប់ម៉ោងពេលបើកទស្សនា និងបែបបទទស្សនា ត្រូវបានកំណត់ដោយស្ថាប័ននីមួយៗ៕