(ភ្នំពេញ)៖ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលខ្មែរនិយមអនុវត្តតៗគ្នាជាយូរមកហើយ។

ទន្ទឹងនឹងនេះសម្រាប់រដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ, លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទាំងអស់ ឱ្យចូលរួមរក្សាអនាម័យ នៅតាមគេហដ្ឋាន ភូមិឋាន ទីធ្លាសាធារណៈ ទីវត្តអារាម ជាពិសេសចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកឱ្យបានគ្រប់ៗគ្នា។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ការចូលរួមអនុវត្តអនាម័យ និងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិករបស់ប្រជាពលរដ្ឋនៅតាមទីសាធារណៈ និងទីវត្តអារាម នឹងធ្វើឱ្យវត្តអារាម មានសោភ័ណភាព ស្រស់ស្អាត មិនមានសំរាមប្លាស្ទិកត្រូវបានបោះចោលពាសវាលពាសកាលជាដើម។

លោក ខ្វៃ អាទិត្យា បានបន្ថែមថា កាលណាប្រជាពលរដ្ឋចូលរួមទាំងអស់ ពីការកាត់បន្ថយប្រើប្រាស់ថង់ប្លាស្ទិក នឹងធ្វើភូមិឋានយើងស្អាត វត្តអារាមយើងស្អាត មិនមានការបំពុលដោយថង់ប្លាស្ទិកនោះនឹងធ្វើឱ្យកម្ពុជាយើងស្អាត។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ខ្វៃ អាទិត្យា ក៏បានជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី ដែលធ្វើដំណើរនៅក្នុងឱកាសពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ សូមឱ្យមានសុខសុវត្ថិភាព គ្រប់ៗគ្នា៕