(ភ្នំពេញ)៖ មេខ្លោងក្រុមជ្រុលនិយមទណ្ឌិត សម រង្ស៊ី បាននិយាយចោទទាំងទទឹងទិសថា «ស៊ុយអែត បិទស្ថានទូតនៅកម្ពុជា បានបង្ហាញថារបបត្រកូលហ៊ុន បរាជ័យទាំងនយោបាយសេដ្ឋកិច្ច ទាំងបរាជ័យនយោបាយការទូត»។ លោកម៉ារ យ៉ារិទ្ធិ មានបទអត្ថាធិប្បាយស៊ីជម្រៅ ក្រោមចំណងជើងថា «ការបិទស្ថានទូតស៊ុយអែត មិនមែនជាការបរាជ័យនយោបាយសេដ្ឋកិច្ច និងការទូតឡើយ»៖
រដ្ឋាភិបាលនៃប្រទេសស៊ុយអែត បានប្រកាសថានឹងបិទការិយាល័យស្ថានទូតស៊ុយអែត Sweden Section Office នៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ប៉ុន្តែមិនបានបិទទំនាក់ទំនងរវាងប្រទេសទាំង២ឡើយ។ ស្ថានទូតស៊ុយអែតនៅទីក្រុងបាងកក នឹងបន្តតំណាងឱ្យស៊ុយអែត ក្នុងទំនាក់ទំនងជាមួយកម្ពុជា ហើយស្ថានកុងស៊ុល របស់ស៊ុយអែតនៅភ្នំពេញ នឹងនៅបើកទ្វារបន្តផ្តល់សេវាកុងស៊ុលពលរដ្ឋស៊ុយអែតនៅកម្ពុជាជាដដែល។
យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ការបិទការិយាល័យស្ថានទូត របស់រដ្ឋាភិបាលក្រុង STOCKHOLM ក្នុងរាជធានីភ្នំពេញ បានស្ថិតក្រោមមូលហេតុរៀបចំឡើងវិញនូវចំណុចអាទិភាព ដោយសារត្រូវផ្តល់អាទិភាពលើការអភិវឌ្ឍសេដ្ឋកិច្ច សន្តិភាព និងសន្តិសុខ នៅតំបន់ជិតខាងខ្លួនដើម្បីឆ្លើយតបនឹងការប្រែប្រួលបរិបទពិភពលោកបន្ទាប់ពី ការផ្ទុះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
ប៉ុន្តែការបិទការិយាល័យនេះ ទោះជាយ៉ាងណាក៏ដោយ ត្រូវបានមេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី បាន ប្រើសម្តីវាយប្រហារដើម្បីការកេងចំណេញនយោបាយ។ ទណ្ឌិត សម រង្ស៊ី បានប្រើសម្តីចោទទាំងទទឹងទិសថា «ស៊ុយអែត បិទស្ថានទូតនៅកម្ពុជា បានបង្ហាញថារបបត្រកូលហ៊ុន បរាជ័យទាំងនយោបាយសេដ្ឋកិច្ច ទាំងបរាជ័យនយោបាយការទូត»។
រយៈពេលជាបន្តបន្ទាប់មកនេះ ដើម្បីតែសម្រេចនូវមហិច្ឆតានយោបាយសងសឹករបស់ខ្លួន ក្រុមនៃត្រកូលក្បត់ជាតិតជំនាន់ដឹកនាំដោយ សម រង្ស៊ី បានព្យាយាមប្រឌិតព័ត៌មាន ឬ កែច្នៃ ព័ត៌មានគ្រប់សព្វបែបយ៉ាងទាំងអស់ ដើម្បីការដាក់កំហុសទៅលើត្រកូល «ហ៊ុន» ដែលប្រវត្តិ និងស្នាដៃត្រូវបានចារឹកទុកក្នុងប្រវត្តិសាស្ត្រនៃការធ្វើឱ្យប្រទេសកម្ពុជាអស់សង្គ្រាម និងមានសន្តិភាពពិតប្រាកដ នាចុងសតវត្សទី២០ ជាមួយនឹងការឯកភាពទឹកដី ខណៈពូជពង្សនៃក្រុមនៃត្រកូលក្បត់ជាតិបីជំនាន់ របស់ទណ្ឌិត សម រង្ស៊ី នោះវិញមិនបានធ្វើអ្វីទាល់តែសោះ ដើម្បីផលប្រយោជន៍ជាតិ ក្រៅតែពីការបង្កើតបក្ខបង្កើតពួក បង្កការឈ្លោះហែកហួរគ្នា ប្រឆាំងព្រះរាជបល្ល័ង្គ, ប្រឆាំងអតីតរបបរាជានិយមពីអតីតកាល, ការបំបែកទឹកដីខ្មែរជាតំបន់ អបគមន៍ និងការបង្កឱ្យប្រទេសរងភាពចលាចលនិងអសន្តិសុខតែប៉ុណ្ណោះ។
ក្រោយពេលដែលកម្ពុជាបំបាត់អស់ទាំងស្រុងនូវតំបន់អបគមន៍ និងធ្វើឱ្យប្រទេសមានសុខសន្តិភាពពិតប្រាកដនាចុងឆ្នាំ១៩៩៨ ដោយនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នោះមក, ទណ្ឌិត សម រង្ស៊ី បានចិញ្ចឹមនូវគំនិតសងសឹករបស់ខ្លួន និងព្យាយាមចង់កែកាឡៃការពិតរបស់ប្រវត្តិសាស្ត្រ ដោយការនិយាយបន្ទោសដាក់លើត្រកូល «ហ៊ុន» ដែលជាអ្នកជួយធ្វើឱ្យប្រទេសអស់សង្គ្រាម មានសន្តិភាព និងការអភិវឌ្ឍសាឡើងវិញនោះ ចោទថាបានដឹកនាំប្រទេសផ្តាច់ការ មិនគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យទៅវិញ។
ហើយក្នុងពេលនេះទៀត គ្រារដ្ឋាភិបាលស៊ុយអែត បានប្រកាសការបិទការិយាល័យស្ថានទូត របស់គេក្នុងប្រទេសកម្ពុជាដោយសារតែមានបញ្ហាក្នុងរង្វង់កិច្ចការដោះស្រាយផ្ទៃក្នុង របស់រដ្ឋាភិបាលក្រុង STOCKHOLM នោះ ទណ្ឌិតនៃមេខ្លោងក្រុមជ្រុលនិយមរូបនេះ ដើម្បីតែការចង់កេងចំណេញលើនយោបាយ បានឆ្លៀតប្រើសម្តីវាយប្រហារដាក់មកលើការដឹកនាំ របស់រាជរដ្ឋាភិបាលថែមទៀត។
អ្វីដែលគួរឱ្យហួសចិត្តនោះ គឺមេខ្លោងក្រុមជ្រុលនិយមរូបនេះ និយាយទាំងបិទភ្នែកថា ការបិទការិយាល័យស្ថានទូតស៊ុយអែតនៅកម្ពុជា គឺជាភាពបរាជ័យទាំងនយោបាយសេដ្ឋកិច្ច និងការទូតរបស់រាជរដ្ឋាភិបាលទៅវិញ។
ក្រសួងការបរទេសកម្ពុជា ក្នុងសេចក្តីបំភ្លឺមួយរបស់ខ្លួនថ្ងៃទី១៦ ខែកញ្ញា បានថ្លែងទាត់ចោលផងដែរ នូវការប៉ុនប៉ងបកស្រាយករណីការបិទការិយាល័យស្ថានទូតស៊ុយអែត នៅរាជធានីភ្នំពេញ សម្រាប់បម្រើឱ្យគោលនយោបាយនោះ។
*តើនយោបាយសេដ្ឋកិច្ច និងនយោបាយការទូតរបស់កម្ពុជា កំពុងមានដំណើរយ៉ាងណាបច្ចុប្បន្ននេះ?
រដ្ឋមន្ត្រីអមប្រតិភូនាយករដ្ឋមន្ត្រី ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានថ្លែងថ្មីៗនេះនៅក្នុងសន្និសីទសារព័ត៌មានមួយបង្ហាញនូវជោគជ័យនៃនយោបាយការទូតដ៏ខ្លាំងក្លារបស់រាជរដ្ឋាភិបាល ថ្មីអាណ្ណត្តិទី៧នៃរដ្ឋសភា។
ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានថ្លែងបង្ហាញ រយៈពេលមួយឆ្នាំចុងក្រោយនេះ សម្តេចមហាបវរធិបតី និងគណ:ប្រតិភូជាន់ខ្ពស់ បានធ្វើដំណើរឆ្លងកាត់ទ្វីបទាំង៥នៃពិភពលោក គឺទ្វីបអាស៊ី អាមេរិក អាហ្វ្រិក អឺរ៉ុប និងអូសេអានី និងប្រទេសចំនួន១៦ ដែលជាសកម្មភាពការបរទេសនៅក្រៅសុ្រកមួយដ៏មមាញឹកនិងសកម្ម។
ដំណើររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ក្នុងមួយឆ្នាំមកនោះរួមមាន ការចូលរួមកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឥណ្ឌូនេស៊ី មហាសន្និបាតអង្គការសហប្រជាជាតិនៅញូយ៉កក្នុងសហរដ្ឋអាមេរិក ចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវនៅរដ្ឋធានីប៉េកាំងនៃប្រទេសចិន ជំនួបកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការក្នុងសមុទ្រពែក្ស កិច្ចប្រជុំកំពូលរំលឹកខួបអនុវស្សារីយ៍ដើម្បីអបអរឆ្នាំទី៥០ នៃមិត្តភាពនិងកិច្ចសហប្រតិបត្តិការ អាស៊ានជប៉ុននៅតូក្យូ ជំនួបកំពូលពិសេសអាស៊ានអូស្រា្តលីនៅមែលប៊ននៃប្រទេសអូស្រា្តលី និងកិច្ចប្រជុំកំពូលនានាមួយចំនួនទៀត។
ក្រៅពីដំណើរអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលធំៗនៅក្រៅប្រទេសទាំងនោះ, ប្រមុខរាជរដ្ឋាភិបាលនៅមានធ្វើទស្សនកិច្ចតាមបណ្តាប្រទេសជាមិត្តទាំងក្នុងតំបន់ និងសកលលោកថែមទៀត ដូចជាដំណើរទស្សនកិច្ចនៅចិន នៅវៀតណាម នៅបារាំង នៅថៃ នៅម៉ាឡេស៊ី នៅឡាវ នៅកូរ៉េខាងត្បូង នៅសឹង្ហបុរី ជាដើម។
សំណួរដែលយើងចង់សួរទៅវិញនោះគឺថា តើដំណើរចេញក្រៅប្រទេសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទាំងឡាយនេះ អាចចាត់ទុកថាជាភាពបរាជ័យនៃនយោបាយការទូតដែរ ឬ ទេ? ហើយតើមេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី ដឹងថាតើនយោបាយការទូតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រហូតមកទល់ពេលនេះ បានទទួលលទ្ធផលអ្វីខ្លះទេ? ដូចប្រសាសន៍បញ្ជាក់របស់ឯកឧត្តមហ្សង់ ហ្វ្រង់ស្វ័រ តាន់ កត់ សម្គាល់យ៉ាងនេះ៖
«ធ្វើតុល្យកាលសរុប១ឆ្នាំនៃការទូតដ៏សកម្មនេះ គឺជាការមួយពិបាកមិនមែនងាយស្រួល ។ ទោះជាយ៉ាងណាក៏ដោយ យើងអាចសាងយកកិច្ចការ និងលទ្ធផលនៃនយោបាយការបរទេសនារយៈពេល១២ខែចុងក្រោយនេះដោយអះអាងថា ការទូតនៃកម្ពុជាមានមុខព្រួញពីរសំខាន់៖
ទី១ គឺពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី ហើយទី២គឺពង្រឹងជំហរកម្ពុជានៅលើឆាកអន្តរជាតិ បន្តជម្រុញសហគមន៍អន្តរជាតិឱ្យគោរពកម្ពុជាដែល ជារដ្ឋអធិបតេយ្យមួយពេញលក្ខណៈ រីឯទូតមុខព្រួញសំខាន់ទី២នោះ គឺការទូតសេដ្ឋកិច្ច»។
ឯកឧត្តមហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានថ្លែងថា គិតត្រឹមរយៈពេលបីខែក្នុងឆ្នាំ២០២៣ គឺខែកញ្ញា, តុលា និងវិច្ឆិកា កន្លងមកនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជួបជាមួយថ្នាក់ដឹក នាំបរទេសជិត៥០នាក់ រួមមានទាំងប្រធានាធិបតី, នាយករដ្ឋមន្ត្រី, ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងរួមទាំងអគ្គលេខាធិការនៃអង្គការសហប្រជាជាតិផងដែរ។
ដូច្នេះគេត្រូវយល់ឱ្យច្បាស់ថា កម្ពុជាបច្ចុប្បន្ន កំពុងតែទទួលបាននូវជោគជ័យ លើដំណើរ ការនយោបាយការទូតរបស់ខ្លួន ដែលចំណុចពិសេសនៃការទទួលជោគជ័យនោះ គឺការពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី ដែលជានិរន្តរភាព និងជាសង្គតិភាពនៃនយោបាយការបរទេសរបស់កម្ពុជា តាមលំអានរបស់សម្តេចព្រះបរមរតនកោដ្ឋសម្តេចព្រះ នរោត្តម សីហនុ និងខ្លឹមសារនៃនយោបាយការបរទេសនេះ ត្រូវបានយកមកអនុវត្តដោយខ្ជាប់ខ្ជួន ដោយអតីតនាយករដ្ឋមន្ត្រីសម្តេចតេជោ ហ៊ុន សែន និងនយោបាយនេះ ត្រូវបានអនុវត្តជាបន្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តវេន។ ដូច្នេះការអនុវត្ត នយោបាយការទូតរបស់កម្ពុជា កាន់តែបានទទួលជោគជ័យនោះទៅវិញទេ។
សេចក្តីបំភ្លឺរបស់ក្រសួងការបរទេសកម្ពុជាថ្ងៃទី១៧ ខែកញ្ញា បានសរសេរថា «ថ្វីត្បិតមានការ បិទការិយាល័យស្ថានទូតស៊ុយអែតនៅភ្នំពេញ ក៏ប៉ុន្តែក្នុងរយៈកាលកន្លងមកនេះ ក៏មានការបើកបន្ថែមការិយាល័យនានារបស់ស្ថានទូតមួយចំនួនជាអាទិ៍ ការបើកការិយាល័យពាណិជ្ជ កម្មរបស់ស្ថានទូតទួរគីក្នុងខែមេសា ឆ្នាំ២០២៣, ការបើកការិយាល័យពាណិជ្ជកម្ម និងវិនិយោគ របស់ស្ថានទូតអូស្ត្រាលីក្នុងខែមករា ឆ្នាំ២០២៤ និងការបើកការិយាល័យកុងស៊ុលរបស់កាណា ដានៅខេត្តសៀមរាបក្នុងខែកុម្ភៈ ឆ្នាំ២០២៤។
*តើនយោបាយសេដ្ឋកិច្ចជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអាណ្ណត្តិទី៧ មានសភាពបែបណា?
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មកម្ពុជា និងអន្តរជាតិ សម្រេចបានជាង១៦ពាន់លានដុល្លារ បើគិតត្រឹមក្នុងរយៈពេល៤ខែ ឆ្នាំ២០២៤ និងតួលេខនេះ មានការកើនឡើងជាង១២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។
របាយការណ៍ធនាគារពិភពលោកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថាសកម្មភាពសេដ្ឋកិច្ចកម្ពុជាបានកើនឡើងនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ដោយសារតែការងើបឡើងវិញនៃវិស័យសេវាកម្ម និងការនាំចេញទំនិញ។
របាយការណ៍ដដែលបានបង្ហាញការព្យាករណ៍ថាកំណើនសេដ្ឋកិច្ច ត្រូវបានគេរំពឹងថា នឹងប្រសើរឡើងបន្តិចពីកម្រិត៥,៦% ក្នុងឆ្នាំ២០២៣ ទៅ៥,៨% នៅឆ្នាំ២០២៤ ហើយនឹងអាចប្រសើរឡើងបន្ថែមទៀតនៅកម្រិត៦,១% នៅឆ្នាំ២០២៥ និងឡើងដល់ ៦,៤% នៅឆ្នាំ២០២៦ ដោយសារការប្រសើរឡើងវិញលើការនាំចេញវិស័យកាត់ដេរ ទំនិញធ្វើដំណើរ និងស្បែកជើង រួមទាំងការងើបឡើងវិញនៃការមកដល់របស់ភ្ញៀវទេសចរណ៍។
ការវាយតម្លៃដែលបង្ហាញនូវសន្ទុះកំណើនទាំងនេះ គឺច្បាស់ណាស់អាស្រ័យមកពីការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ និងប៉ិនប្រសប់របស់ប្រមុខរាជរដ្ឋាភិបាលអាណ្ណត្តិទី៧ ដែលជារាជរដ្ឋាភិ បាលបន្តវេនពីរៀមច្បងរបស់ខ្លួន ប៉ុន្តែអ្វីដែលជាជោគជ័យទាំងនេះ ច្បាស់ណាស់គឺជាសត្រូវ របស់ក្រុមធ្វើនយោបាយជ្រុលនិយម សម រង្ស៊ី។
វិទូសេដ្ឋកិច្ចបណ្ឌិត គី សេរីវឌ្ឍន៍ បានថ្លែងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ថាការបិទស្ថានទូត របស់ប្រទេសស៊ុយអែត មិនមែនដូចការចោទថាដោយសារភាពបរាជ័យនៃដំណើរការសេដ្ឋកិច្ចជាតិឡើយ៖
«ពាក់ព័ន្ធជាមួយនឹងនយោបាយសេដ្ឋកិច្ចរបស់កម្ពុជានេះ យើងឃើញថាការនាំចេញរបស់កម្ពុជាមានកំណើនទៅលើវិស័យឧស្សាហកម្ម ច្រើនរហូតដល់ទៅជាង១០ភាគរយ ខណ:ពេលដែលវិស័យកសិកម្មរបស់យើងមានកំណើនតិចតួច ស្ទើតែមួយភាគរយ និងវិស័យសេវាកម្មរបស់យើង គឺមិនមានកំណើនទេ មានការថមថយទៅវិញបន្តិច ជាពិសេសគឺវិស័យលក់រាយ។ ហើយនៅក្នុងនេះ គឺយើងឃើញថាការបូកបោះសេដ្ឋកិច្ចជារួម សម្រាប់ការទូតសេដ្ឋកិច្ចអន្តរជាតិនេះ គឺយើងឃើញថាសេដ្ឋកិច្ចយើងដើរលឿន។ យើងមានបញ្ហាតែមួយទេគឺវិបត្តិ Cash Flow ឬ ក៏វិបត្តិនៃចំណាយរបស់ប្រជាពលរដ្ឋនៅក្នុងស្រុក នៅមានកម្រិតនៅឡើយ។ ក៏ប៉ុន្តែបើយើងមើលឧស្សាហកម្មនាំចេញ ប្រទេសកម្ពុជាយើងបាននាំចេញសម្លៀកបំពាក់កាត់ដេរ មានកំណើនជាង១០ភាគរយ ឧស្សាហកម្មមិនមែនកាត់ដេរ ក៏មានកំណើនជាង១០ភាគរយដែរទៅកាន់បរទេស ដែលមានទាំងសហរដ្ឋអាមេរិក មានទាំងសហគមន៍អឺរ៉ុបផងដែរ។ ដូច្នេះហើយយើងទាញសន្និដ្ឋានថា ការបិទរបស់ស្ថានទូតស៊ុយអែត មិនពាក់ព័ន្ធជាមួយនឹងកំណើនសេដ្ឋកិច្ចកម្ពុជាទេ ហើយក៏វាមិនមែនជាភាពបរាជ័យនៃនយោបាយសេដ្ឋកិច្ច របស់កម្ពុជាផងដែរ»។
ការប្រកាសបិទការិយាល័យស្ថានទូតស៊ុយអែត Sweden Section Office នៅរាជធានីភ្នំពេញ មិនមែនជាភាពបរាជ័យនៃដំណើរការនយោបាយសេដ្ឋកិច្ច និងការទូតឡើយ។ ផ្ទុយទៅវិញ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ នយោបាយសេដ្ឋកិច្ចនិងការទូតរបស់កម្ពុជា កំពុងតែស្ថិតក្នុងដំណើរប្រកបដោយជោគជ័យមួយ ដោយមានការគាំទ្រពីប្រជាពលរដ្ឋខ្មែរដែលជា ម្ចាស់សម្លេងសន្លឹកឆ្នោត និងក៏បានទទួលការកោតសរសើរពីបរទេស និងប្រទេសជាមិត្តផងដែរ។
ទណ្ឌិត សម រង្ស៊ី ពេលនេះ កាន់តែទទួលបរាជ័យ និងកាន់តែបាក់មុខកាន់តែខ្លាំងថែមទៀត ដោយសារតែការប្រឌិតរឿងមិនពិត ដែលនិយាយអំពីការបិទការិយាល័យស្ថានទូតស៊ុយអែត នៅកម្ពុជានេះ៕