ប៉េតង់ដឹកមេដាយ ៧គ្រឿងមកដល់កម្ពុជា ខណៈកីឡា២ប្រភេទ សម្លឹងឃើញមេដាយមាស Asian Beach Games បន្ដទៀត
01-10-2016 20:35
(ភ្នំពេញ)៖ ក្រុមកីឡាប៉េតង់កម្ពុជា បានធ្វើដំណើរមកដល់ស្រុកកំណើតវិញហើយ នៅល្ងាចថ្ងៃទី០១ ខែតុលានេះ ដោយបាននាំមកជាមួយនូវមេដាយ ៧គ្រឿង ដែលដណ្ដើមបានពីការប្រកួតកីឡាឆ្នេរខ្សាច់អាស៊ី Asian Beach Games លើកទី៥ ដែលកំពុងធ្វើឡើងទីក្រុងដាណាំង ប្រទេសវៀតណាម ប៉ុន្ដែព្រឹត្តិការណ៍នេះនៅមិនទាន់បញ្ចប់នោះទេ ខណៈអត្តពលិកកម្ពុជា ២ប្រភេទកីឡាទៀត ក៏ដណ្ដើមបានមេដាយមាស និងកំពុងត្រៀមខ្លួនប្រជែងយកមេដាយមាស ជូនជាតិបន្ថែមទៀតផងដែរ នេះបើយោងតាមលោក វ៉ាត់ ចំរើន ថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងយ៉ាងដូច្នេះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលផ្ដល់កិត្តិយសទៅទទួលក្រុមប្រតិភូ និងកីឡាករ-កីឡាការិនីប៉េតង់ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញកាលពីម្សិលមិញ បានឲ្យដឹងថា ក្រុមកីឡាប៉េតង់កម្ពុជា ដណ្ដើមបានមេដាយសរុប ៧គ្រឿងពីព្រឹត្តិការណ៍កីឡាខាងលើ រួមមានមេដាយមាស៣ ប្រាក់១ និងសំរឹទ្ធ៣។ ប៉ុន្ដែពេលនេះកីឡាកម្ពុជាមួយចំនួន កំពុងត្រៀមខ្លួនប្រជែងយកមេដាយជូនជាតិបន្ដ នៅប្រទេសវៀតណាម ពិសេសគឺកីឡាវ៉ូវីណាម និងកីឡាល្បុក្កតោកម្ពុជាតែម្ដង។
លោកបន្ដថា កាលពីម្សិលមិញក្រុមកីឡាវ៉ូណាម គឺដណ្ដើមបានមេដាយមាស ១គ្រឿងហើយ ប៉ុន្ដែថ្ងៃនេះក្រុមកីឡាវ៉ូវីណាមដដែល បានបន្ថែមមេដាយមាស១គ្រឿងទៀតលើវិញ្ញាសាសម្ដែងក្បាច់ការពារ ដែលជួយកម្ពុជា ឲ្យឡើងទៅឈរចំណាត់ថ្នាក់លេខ៦ បណ្ដោះអាសន្នក្នុងចំណោម ៤៥ប្រទេសនៃទ្វីបអាស៊ី។ តែអ្វីរឹតតែពិសេសគឺថ្ងៃនេះ ក្រុមកីឡាករ-កីឡាការិនីក្បាច់គុនបុរាណខ្មែរ ៥រូប បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ និងត្រៀមខ្លួនដណ្ដើមមេដាយមាស នៅថ្ងៃស្អែក ពោលគឺពេលនេះពួកគេម្នាក់ៗសុទ្ធតែមានមេដាយប្រាក់ ក្នុងដៃស្រាប់ទៅហើយ។
អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលរូបនេះ «គិតត្រឹមថ្ងៃទី០១ ខែតុលានេះ កម្ពុជាយើងដណ្ដើមបានមេដាយសរុប ១៣គ្រឿង គឺមានមេដាយមាស៥ ប្រាក់១ និងសំរឹទ្ធ៧។ នេះគឺជាជោគជ័យដ៏ធំធេង ចាប់តាំងពីឆ្នាំ២០០៨ ដែលយើងធ្លាប់ចូលរួម គឺដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿងគត់នៅឆ្នាំ២០១៤។ សមិទ្ធផលទាំងនេះ ជាប្រផ្នូលមួយដ៏ល្អ សម្រាប់ការត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០១៧ខាងមុខ ពិសេសកីឡាប៉េតង់ បើសិនលក្ខខណ្ឌប្រកួតស៊ីហ្គេម រក្សាដូចប្រកួតកីឡាឆ្នេរខ្សាច់អាស៊ីលើកនេះ គឺយើងសង្ឃឹមឈ្នះមេដាយច្រើនជាមិនខាន»៕