(ភ្នំពេញ)៖ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមូលដ្ឋាន ស្តីពីប្រវត្តិចលនាអន្ដរជាតិ ច្បាប់មនុស្សធម៌អន្ដរជាតិ និងកាកបាទក្រហមកម្ពុជា ការគ្រប់គ្រងបណ្ដាញយុវជនកាកបាទក្រហមកម្ពុជា និងវិជ្ជាសង្គ្រោះបឋមនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារទ្រទ្រង់យុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងមានការចូលរួមលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ លោក យូ ឡាណា អគ្គលេខាធិការរងទី២ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក យុវជនកាកបាទក្រហមកម្ពុជាប្រមាណ១០០នាក់ ។
ព្រះសាក្យវង្ស បណ្ឌិត ស៊ឹម សារ៉ាន ព្រះសាកលវិទ្យាធិការរង តំណាង សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានមានថេរៈដីកាថា៖ ការដឹកនាំនិស្សិត នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ចំនួន ១០០រូប ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលមូលដ្ឋាននៅពេលនេះគឺជាសក្ខីភាពបង្ហាញឲ្យឃើញយ៉ាងជាក់ច្បាស់ ពីការយកចិត្តទុក្ខដាក់ខ្ពស់ចំពោះ ការងារកាកបាទក្រហមកម្ពុជា ក៏ដូចជាការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជាផងដែរ។
ប្រការនេះ ក៏ជាការលើកទឹកចិត្តដ៏ប្រពៃមួយ ដើម្បីឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែង យកអស់កម្លាំងកាយ និងបញ្ញាញាណ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំង សមាជិក សមាជិកាកាកបាទក្រហមកម្ពុជាទាំងអស់ ក្នុងការលើកកម្ពស់ការងារមនុស្សធម៌ ទទួលបានលទ្ធផលល្អ គួរជាទីមោទនៈ ក្នុងរយៈកាលកន្លងមក។ ដូច្នេះក្នុងនាមគណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក សមណនិស្សិត និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សូមចូលរួមគាំទ្រសកម្មភាពដ៏ប្រពៃថ្លៃថ្លាជាមួយកាកបាទក្រហមកម្ពុជា តាមរយៈការបង្កើតក្លឹបយុវជនកាកបាទក្រហមកម្ពុជា។
ក្នុងនាមកាកបាទក្រហកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, លោក ពិត ចំណាន សូមទូលប្រគេន និងផ្ញើជូននូវព្រះសុវណ្ណី និងការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងអំណរគុណយ៉ាងជ្រាលជ្រៅ ប្រគេន និងជូនគណៈគ្រប់គ្រងពុទ្ធិកសាកលវិទ្យាល័យ
ព្រះសីហនុរាជ ដែលបានផ្តល់សារៈសំខាន់នៃការបង្កើតឱ្យមានក្លិបយុវជនកាកបាទក្រហមកម្ពុជាប្រចាំនៅពុទ្ធិកសាកលវិទ្យាល័យ ដើម្បីចូលរួមចំណែកក្នុងការចែករំលែកចំណេះដឹង, ផ្លាស់ប្តូរ
បទពិសោធន៍, មិត្ត-អប់រំ-មិត្ត និង មិត្ត-ជួយ-មិត្ត ក្នុងជីវភាពរស់នៅ និងនៅក្នុងការសិក្សា, ក្នុងការបណ្តុះថ្នាលឌីជីថល និងការកសាងពង្រឹងសមត្ថភាពយុវជនក្នុងភាពជាអ្នកដឹកនាំប្រកបដោយ
សីលធម៌ គុណធម៌ ចរិយាធម៌ និងមានគំនិតផ្តួចផ្តើមឆ្នៃប្រឌិតថ្មីៗក្នុងវិស័យមនុស្សធម៌។
ជាក់ស្តែង ក្នុងវគ្គបណ្តុះបណ្តាលយុវជនលើកនះ មាននិស្សិតស្ម័គ្រចិត្ត ១០០នាក់ មកពីពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដែលស្រឡាញ់សកម្មភាពមនុស្សធម៌ និងការងារសង្គម គឺជាការឆ្លុះបញ្ចាំងឱ្យឃើញពីឆន្ទៈ និងមនសិការក្នុងការចូលរួមបំពេញតួនាទីជាជំនួយការជូនរាជរដ្ឋាភិបាលក្នុងវិស័យមនុស្សធម៌ ដោយមានក្លិបយុវជនកាកបាទក្រហមកម្ពុជាជាយន្ដការដឹកនាំ អនុវត្តសកម្មភាពជួយអ្នកងាយរងគ្រោះបំផុតគ្រប់ប្រភេទ ដោយក្តីមេត្តា ករុណា មុទិតា ឧបេក្ខា និងប្រកាន់ខ្ជាប់គោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។
បន្ថែមពីនេះលោក ពិត ចំណាន ក៏បាននាំនូវអនុសាសន៍សំខាន់ៗរបស់ សម្ដេចកិត្ដិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដាំផ្ញើជូនគណៈអធិបតី និងអង្គពិធីទាំងមូលផងដែរ។
សូមគូសរសម្លឹកថា អ្នកស័្មគ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ត្រូវបានចាត់ទុកជាឆ្អឹងខ្នងរបស់ចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ដែលបច្ចុប្បន្នមានជាង ១៦ លាននាក់មកពីសមាគមជាតិចំនួន ១៩១ នៅទូទាំងពិភពលោក, ក្នុងនោះមានអ្នកស្ម័គ្រចិត្ត និងយុវជនកាក បាទក្រហមកម្ពុជា ជិត៥ម៉ឺននាក់។ ក្នុងឆ្នាំសិក្សា ២០២៣-២០២៤នេះ កាកបាទក្រហមកម្ពុជា មានយុវជនចំនួន ជាង ៣ម៉ឺននាក់ នៅតាមគ្រឹះស្ថានសិក្សាចំនួន ៦២៨ នៅទូទាំងប្រទេស ក្នុងនោះយុវជននៅគ្រឹះស្ថានឧត្តមសិក្សាមានចំនួន ៤,៧៤២នាក់ តាមពីគ្រឹះស្ថានរដ្ឋ/ឯកជន ចំនួន២៥។
សម្រាប់យុវជន ១០០នាក់ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ក៏នឹងត្រូវទទួលបានការបំពាក់កន្សែងនៅថ្ងៃទី១៩ ខែតុលា ខាងមុខនេះ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិជ្រោយចង្វារ (អូ.ស៊ី.អាយ.ស៊ី.)៕