(ភ្នំពេញ)៖ លោក ព្រាប កុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, សមាគមក្រុមការងារ១០០រាត្រី អង្គការមាតាធម្មជាតិ សហភាពអង្គការសង្គមសុីវិល ជាមួយអង្គការ-សមាគម មួយចំនួនធំ មានក្តីបារម្ភអំពីការញុះញង់ពីសណាក់ទណ្ឌិត សម រង្សុី និងបក្សពួកជ្រុលនិយមដែលបន្តគោះស្គរ ដោយបានលើកយកបញ្ហាតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ហៅកាត់ថា CLV-DTA យកមកប្រឌិតក្លែងបន្លំ គឺដើម្បីបង្កើតចលាចលក្នុងសង្គមជាតិ។
ការលើកឡើងរបស់នេះបានធ្វើឡើងក្នុងឱកាសដែលលោក មួង សូនី ប្រធានសមាគមក្រុមការងារ១០០រាត្រី និងសហការី នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានជួបជាមួយលោក ព្រាប កុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ដើម្បីទទួលបាននូវការបណ្តុះបណ្តាលណែនាំ និងប្រឹក្សាយោបល់ ចំពោះបញ្ហាតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ឬ CLV-DTA បញ្ហាព្រំដែន ប្រវត្តិសាស្ត្រសង្គម និងនយោបាយ។
នាឱកាសនោះដែរ លោក ព្រាប កុល បានបង្ហាញយ៉ាងច្បាស់លាស់អំពីកិច្ចសហប្រតិបត្តិរវាង កម្ពុជា ឡាវ វៀតណាម ដែលលោកបានសិក្សាស្រាវជ្រាវ និងមានមូលដ្ឋានច្បាស់លាស់ ក្នុងនោះមានខេត្តរតនគីរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះរបស់កម្ពុជា ដែលក្នុងខ្លឹមសារនៃកិច្ចព្រមព្រៀងគឺផ្តោតលើការជម្រុញខេត្តទាំង០៤នេះ ឱ្យទទួលបាននូវឱកាសសម្រាប់ការអភិវឌ្ឍ ត្បិតខេត្តទាំងនេះស្ថិតនៅដាច់ស្រយាល បើធៀបនឹងខេត្តផ្សេងៗរបស់កម្ពុជា ជាពិេសសជួយសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម កសិកម្ម កសិឧស្សាហកម្ម ទាក់ទាញការវិនិយោគ ទប់ស្កាត់បទល្មើសឆ្លងដែន លើកកម្ពស់វិស័យសុខាភិបាល និងវិស័យផ្សេងៗទៀត ដែលមានសក្កដានុពលក្នុងតំបន់នោះ។
លោកបានបញ្ជាក់ថា នៅក្នុងរាល់ឯកសារនៃកិច្ចព្រមព្រៀងពុំមានខ្លឹមសារណាមួយដែលនិយាយពីការដាក់ទឹកដី កាត់ខេត្ត និងការអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រទេសវៀតណាមចូលមករស់នៅក្នុងប្រទេសកម្ពុជាដោយសេរីនោះឡើយ។
លោក ព្រាប កុល បានគូសបញ្ជាក់បន្ថែមថា ការព្រួយបារម្ភអំពីការបាត់បង់ទឹកដីនៃប្រទេសកម្ពុជា គឺជាសញ្ញាណល្អរបស់ប្រជាពលរដ្ឋ ប៉ុន្តែកិច្ចព្រមព្រៀង CLV-DTA មិនមែនជាមូលហេតុនោះទេ។ លទ្ធភាពនៃការបាត់បង់ទឹកដី គឺអាចកើតឡើងដោយសារតែការបែកបាក់សាមគ្គីជាតិ និងទំនាស់ផ្ទៃក្នុងនៃពលរដ្ឋខ្មែរ ដែលមិនបានឈ្វេងយល់ច្បាស់លាស់ និងស៊ីជម្រៅអំពីបញ្ហានយោបាយ ចាញ់កលការញុះញង់ពីជនបរទេស ឬក្រុមដែលមាននិន្នាការប្រឆាំងជ្រុលនិយម។
ក្នុងចំណុចនេះ លោកក៏បានបន្ថែមថា ការរក្សាស្ថេរភាពនយោបាយដើម្បីទទួលបានសន្តិភាព ពង្រឹងសមត្ថភាពពលរដ្ឋ សមត្ថភាពកងទ័ព អភិវឌ្ឍន៍តាមតំបន់ព្រំដែន និងបង្កើតលក្ខខណ្ឌអំណោយផលដល់ពលរដ្ឋដែលរស់នៅតាមតំបន់ព្រំដែនគឺជាជាការសំខាន់ និងចាំបាច់។
បន្ថែមពីនេះ លោក ព្រាប កុល បានកត់សម្គាល់ស្មារតីនៃការស្នេហាជាតិ ប៉ុន្តែ សូមកុំឱ្យខ្វះបញ្ញា និងក្លាយទៅជាការស្អប់ជាតិសាសន៍ណាមួយ ដោយយករឿងប្រវត្តសាស្ត្រមកជាដើមហេតុ ព្រោះមិនសមស្របតាមបរិបទនៃទំនាក់ទំនងការទូត និងភូមិសាស្ត្រនយោបាយបច្ចប្បន្ននេះឡើយ។
លោកបានលើកទឹកចិត្តអោយ បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន មេត្តាសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅចំពោះបញ្ហានីមួយៗដែលកើតមានឡើង ជៀសវាងទទួលបាននូវព័ត៌មានមិនពិត និងការញុះញង់ឱ្យមានភាពវឹកវរក្នុងសង្គមដែលពិបាករក្សាស្ថេរភាពនយោបាយដើម្បីអភិវឌ្ឍធនធានប្រទេសជាតិកម្ពុជាឡើងវិញ។
សមាគមក្រុមការងារ១០០រាត្រី អង្គការ សមាគម សហភាពអង្គការសង្គមសុីវិល សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក ព្រាប កុល ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីផ្តល់ចំណេះដឹងជូនយុវជន អំពីបញ្ហាព្រំដែន ប្រវត្តិសាស្ត្រ សង្គម នយោបាយ។ អ្វីដែលលោកចង់បានគឺការនាំកម្ពុជាទៅរកភាពរុងរឿងដូចប្រទេសជឿនលឿន ហើយលោកបារម្ភមិនចង់ឃើញកម្ពុជារអិលធ្លាក់ចូលក្នុងដានប្រវត្តសាស្ត្រចាស់ ដែលបង្កវិនាសកម្មដល់កម្ពុជាសាជាថ្មីនោះឡើយ៕