(កំពង់ធំ)៖ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បងប្អូនប្រជាពលរដ្ឋប្រមាណជាង ៣០នាក់ តំណាងប្រជាកសិករនៅក្នុងសង្កាត់ស្រយ៉ូវ និងសង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន និងផ្នែកខ្លះ នៃឃុំកំពង់គោ ស្រុកកំពង់ស្វាយ បានអញ្ជើញមកសាលាខេត្តកំពង់ធំ ដើម្បីជួបជាមួយ លោក នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ក្នុងគោលបំណងផ្តាំផ្ញើនូវការគោរពដឹងគុណដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបានគិតគូរយ៉ាងយកចិត្តដាក់បំផុតដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដោយសម្ដេចបានណែនាំឱ្យអាជ្ញាធរខេត្តកំពង់ធំ និងមន្ត្រីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម រួមគ្នាជួយដល់បងប្អូនប្រជាពលរដ្ឋ ដោយលើកទំនប់ការពារដំណាំស្រូវរបស់ពួកគាត់ បានចៀសផុតពីការលិចលង់ កាលពីចុងខែកក្កដា ឆ្នាំ២០២៤ ដែលអនុញ្ញាតឱ្យពួកគាត់អាចប្រមូលផលបានចប់សព្វគ្រប់។

ជាមួយទឹកមុខសប្បាយរីករាយ បងប្អូនប្រជាកសិករដែលបានអញ្ជើញមកដល់សាលាខេត្ត បានជម្រាបថា កាលពីចុងខែកក្កដាកន្លងទៅ ខេត្តកំពង់ធំបានជួបប្រទះនឹងការកើនឡើងជំនន់ទឹកស្ទឹងសែនមុនកាលកំណត់ ដែលបានបង្កជាហានិភ័យយ៉ាងខ្លាំងដល់ដំណាំស្រូវរបស់បងប្អូនប្រជាកសិករ។

បងប្អូនប្រជាកសិករបានបន្ថែមថា ជាសំណាងរបស់បងប្អូន ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលសម្ដេចមានសេចក្តីស្រឡាញ់ និងយកចិត្តទុកដាក់ខ្ពស់ដល់បងប្អូនប្រជាកសិករ ដោយសម្ដេចបានណែនាំឱ្យអាជ្ញាធរអន្តរាគមន៍ទាន់ពេលវេលាដោយបានលើកទំនប់ទប់ទឹកប្រវែងជាង២ គីឡូម៉ែត្រ មិនឱ្យហូរចូលជាគំហុក មកក្នុងស្រែរបស់បងប្អូនប្រជាកសិករ ជួយសង្គ្រោះស្រូវបានជាង ១១.០០០ហិកតា និងអនុញ្ញាតឱ្យពួកគាត់អាចប្រមូលផលបានទាន់ពេលវេលា។

លោក នួន ផារ័ត្ន បានមកទទួលបងប្អូនប្រជាកសិករ និងបានជម្រាបបងប្អូនថា សម្ដេចធិបតី ហ៊ុន ម៉ាណែត តែងតែបារម្ភ និងគិតគូរយ៉ាងខ្លាំងដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសបងប្អូននៅខេត្តកំពង់ធំ។

ជាក់ស្តែងសម្ដេច បានអញ្ជើញមកខេត្តកំពង់ធំដោយផ្ទាល់កាលពីដើមខែសីហា កន្លងមកថ្មីៗនេះ ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែងនៃការគំរាមកំហែងពីទឹកជំនន់ និងបានផ្តល់អនុសាសន៍ដឹកនាំល្អៗជាច្រើនសម្រាប់ការអភិវឌ្ឍខេត្ត និងការដោះស្រាយបញ្ហាប្រឈមជូនបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ធំ។