(ភ្នំពេញ)៖ រយៈពេល៣ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ គឺចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៤២លើក (ថយចុះ៩លើកបើធៀបនឹងឆ្នាំមុន) បណ្តាលឲ្យមនុស្សស្លាប់១៩នាក់ (ថយចុះ២នាក់) រងរបួសធ្ងន់៤៣នាក់ (ថយចុះ២១នាក់) និងរងរបួសស្រាល២៣នាក់ (ថយចុះ៩នាក់)។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៤២លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន៧១គ្រឿង រួមមានម៉ូតូចំនួន៤៨គ្រឿង រថយន្តធុនតូចចំនួន១៧គ្រឿង, រថយន្តធុនធំ៣គ្រឿង និងយានផ្សេងៗចំនួន៣គ្រឿង, ថ្មើរជើង៤នាក់។
ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន១៤លើក, ងងុយដេក១លើក មិនគោរពសិទ្ធិ៦លើក, មិនប្រកាន់ស្តាំ៥លើក , ប្រជែង៨លើក, កត្តាយានយន្ត៣លើក, បត់គ្រោះថ្នាក់២លើក, កត្តាយានយន្ដ៣លើក។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅខេត្តព្រៃវែង៥លើក ខេត្តបន្ទាយមានជ័យ១លើក ខេត្តកំពង់ចាម៣លើក ខេត្តព្រះសីហនុ៤លើក ខេត្តស្វាយរៀង២លើក ខេត្តសៀមរាប២លើក ខេត្តកណ្ដាល១លើក ខេត្តក្រចេះ៣លើក ខេត្តកំពង់ធំ២លើក ខេត្តតាកែវ២លើក ខេត្តកំពង់ស្ពឺ១លើក និងខេត្តព្រះវិហារ១លើក៕