(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានចេញសេចក្ដីណែនាំស្ដីពី ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល សម្រាប់សេវាទូទាត់សងប្រាក់នៅកម្ពុជា។

យោងតាមសេចក្ដីណែនាំរបស់ធនាគារជាតិនៃកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ក្នុងគោលបំណងលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀល សម្រាប់សេវាទូទាត់សងប្រាក់នៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយបរិយាបន្ន ធនាគារជាតិនៃកម្ពុជា សូមណែនាំដល់គ្រឹះស្ថានត្រូវគោរព និងអនុវត្តតាមលក្ខខណ្ឌក្នុងការបើកគណនីជាប្រាក់រៀលជូនអតិថិជន មានដូចខាងក្រោម៖

១៖ គ្រឹះស្ថានត្រូវមានកាតព្វកិច្ច បើកគណនីប្រាក់បញ្ញើ និងគណនីទូទាត់សងប្រាក់ជាប្រាក់រៀល ដែលប្រើប្រាស់ សម្រាប់ប្រតិបត្តិការទូទាត់សងប្រាក់ ជូនគ្រប់អតិថិជនទាំងអស់។ ចំពោះការបើកគណនីជាប្រាក់រៀល សម្រាប់អតិថិជនដែលមានស្រាប់ ត្រូវអនុវត្តឱ្យបានរួចរាល់
ក្នុងរយៈពេល៦ខែ ដោយគិតចាប់ពីកាលបរិច្ឆេទ ដាក់ឱ្យអនុវត្តសេចក្ដីណែនាំនេះ។

២៖ គ្រឹះស្ថានត្រូវផ្តល់ជម្រើសឱ្យគ្រប់អតិថិជនទាំងអស់ មានលទ្ធភាពក្នុងការធ្វើ ប្រតិបត្តិការទូទាត់សងប្រាក់ ជាប្រាក់រៀល។

៣ ៖ គ្រឹះស្ថានត្រូវធ្វើបច្ចុប្បន្នកម្ម និងផ្តល់របាយការណ៍ប្រចាំខែអំពីការបំពេញកាតព្វកិច្ចខាងលើមកធនាគារជាតិនៃកម្ពុជា។

សូមអានសេចក្ដីណែនាំ របស់ធនាគារជាតិនៃកម្ពុជា ទាំងស្រុង៖