(ភ្នំពេញ)៖ ប្រតិភូ Gumball 3000 នាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចាកចេញពីទឹកដីកម្ពុជាហើយ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយម្នាក់ៗសុទ្ធតែពេញចិត្តសប្បាយរីករាយនឹងការរៀបចំកម្មវិធីពិសេសៗ និងការទទួលបដិសណ្ឋារកិច្ច ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់យ៉ាងល្អប្រសើរពីសំណាក់ក្រសួង ស្ថាប័ន អាជ្ញាធរ សមត្ថកិច្ច ក្រុមការងារ ពិសេសគឺរាជរដ្ឋាភិបាលកម្ពុជា។

ការរៀបចំសម្របសម្រួលបែបបទជូនប្រតិភូ Gumball 3000 ចេញពីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនោះ ធ្វើឡើងក្រោមការដឹកនាំពីសំណាក់លោក គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការចំពោះកិច្ច លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច និងក្រុមការងាររបស់ក្រុមហ៊ុន ជីប ម៉ុង។

សូមជម្របថា ប្រតិភូ Gumball 3000 បានបើកបររថយន្តទំនើបៗប្រណីតៗកម្រៗ (Hypercars, Supercars, Sport cars) និងស្នាក់នៅប្រទេសកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤។ បន្ទាប់ពីចេញពីកម្ពុជា ប្រតិភូ Gumball 3000 នឹងឆ្លងកាត់ប្រទេសថៃ ប្រទេសម៉ាឡេស៉ី និងប្រទេសសិង្ហបុរី៕