(សៀមរាប)៖ អត្រាភ្ញៀវទេសចរ ដែលបានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ សម្រាប់ខែកញ្ញា ឆ្នាំ២០១៦ មានចំនួន ១៣០,៨៥៦នាក់ បើធៀបនឹងខែកញ្ញា ឆ្នាំ២០១៥ កើនឡើង៩.១ភាគរយ រីឯចំណូលមាន ៣,៦៤០,២៦០ដុល្លារ បើធៀបនឹងខែកញ្ញា ឆ្នាំ២០១៥ កើនឡើង ៤.៧២ភាគរយ។
សេចក្ដីជូនដំណឹងរបស់គ្រឹះស្ថានអង្គរ ដែល Fresh News ទទួលបាននៅរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា «ភ្ញៀវទេសចរ ដែលបានទិញប័ណ្ណចូលមាន ១៣០,៨៥៦នាក់ បើប្រៀបធៀបនឹងខែកញ្ញា ឆ្នាំ២០១៥ កើនឡើង ៩.១ភាគរយ រីឯចំណូលមាន ៣,៦៤០,២៦០ដុល្លារ ប្រៀបធៀបនឹងខែកញ្ញា ឆ្នាំ២០១៥កើនឡើង ៤.៧២ភាគរយ»។
ជាមួយគ្នានេះដែរ គ្រឹះស្ថានអង្គរ ក៏បានឲ្យដឹង ក្នុងរយៈពេល៩ខែ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០១៦ ចំនួនភ្ញៀវទិញប័ណ្ឌចូលមាន ១,៥៦៣,១៧២នាក់ ធៀបរយៈពេលដូចគ្នាឆ្នាំ២០១៥ កើនឡើង ២.៥៧ភាគរយ រីឯចំណូលវិញ មាន ៤៤,៤០៧,៩៤០ដុល្លារ ធៀបរយៈពេលដូចគ្នាឆ្នាំ២០១៥ កើនឡើង២.៥៦ភាគរយ៕