(កំពត)៖ លោក យឹម សុីណន រដ្ឋលេខធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាសមាជិកក្រុមការងាររដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពត នៅថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសកូរ៉េខាងត្បូង ចំនួន៥០នាក់ ចុះពិនិត្យ និងព្យាបាលជូនពលរដ្ឋនៅឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត។

ពិធីនេះមានការចូលរួមពីសំណាក់លោក នឹម ចាន់តារា អ្នកតំណាងរាស្រ្តខេត្តកំពត, សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលស្រុកជុំគីរី និងសមាជិកក្រុមការងាររដ្ឋាភិបាលចុះជួយស្រុក។

ក្រុមគ្រូពេទ្យនេះមាន៧ជំនាញរួមមាន៖ រោគភ្នែក ទន្តពេទ្យវិទ្យា សម្ភព និងរោគស្ត្រី វះកាត់ឆ្អឹង ការវះកាត់ផ្នែកខាងក្នុង និងចាក់ម្ជុលវិទ្យាសស្រ្តបុរាណ។

ឱកាសនោះមានប្រជាពលរដ្ឋប្រមាណ ៣០០នាក់ បានទទួលការពិនិត្យ និងព្យាបាល។ ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមការងារក៏បានចែកអំណោយអនុស្សាវរីយ៍ជាសៀវភៅខ្មៅដៃ នំ និងទឹកដោះគោដល់សិស្សានុសិស្សចំនួន ៣០០នាក់ផងដែរ៕