(មីយ៉ាន់ម៉ា)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាថ្លែងថា ភាពរីកចំរើនរបស់សហគមន៍អាស៊ាន ត្រូវការចាំបាច់ឲ្យមានសន្ដិភាព និងស្ថិរភាពនយោបាយនៅក្នុងតំបន់។
ក្នុងន័យនេះសម្តេចបានសង្កត់ធ្ងន់ថា អាយប៉ា ត្រូវតែរួមគ្នាជាមួយអាស៊ាន ដើម្បីដោះស្រាយរាល់បញ្ហាដែលកើតឡើងនៅក្នុងតំបន់ ប្រកបដោយសន្ដិវិធី។ ជាមួយគ្នានេះ អាស៊ាន និងអាយប៉ា អាចរួមសកម្មភាពជាមួយគ្នា ដើម្បីបង្ហាញអោយឃើញ ពីសមិទ្ធផលក្នុងរយៈពេល៥០ឆ្នាំកន្លងមក របស់អាស៊ាន ដែលជាការរួមវិភាគទាន ក្នុងការរក្សាសន្ដិភាពតំបន់ ក៏ដូចជាវឌ្ឍនភាពសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។
ការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា បែបនេះគឺក្នុងកិច្ចប្រជុំពេញអង្គនៃមហាសន្និបាតអាយប៉ា លើកទី៣៧ នាទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦។
ក្នុងសុន្ទរកថា ដែលបានថ្លែងទៅកាន់ប្រធានស្ថាប័នសភានៃប្រទេសអាស៊ាន សម្តេចពញាចក្រី បានលើកឡើងជាអនុសាសន៍ថា អាយប៉ា និងអាស៊ានត្រូវលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបច្ចេកទេសបន្ថែមទៀត តាមរយៈការចែករំលែក និងផ្លាស់ប្តូរព័ត៌មាន និងការជួបប្រជុំមន្រ្ដីជំនាញនៃស្ថាប័នទាំងពីរ ឲ្យទៀងទាត់។ ភាពរឹងមាំរបស់អាយប៉ា ជាកត្តាមួយដ៏សំខាន់ដើម្បីធានាបាននូវប្រក្រតីភាព និងការប្រព្រឹត្តទៅរបស់ខ្លួន។
ក្នុងនោះការផ្ដល់អនុសាសន៍ តាមរយៈការដាក់ចេញនូវ សេចក្ដីសម្រេចដល់ប្រទេសសមាជិកអាស៊ានត្រូវតែផ្ដោតលើផលប្រយោជន៍រួម របស់អាស៊ានដោយត្រូវបន្តជំរុញនឹងលើកកម្ពស់លទ្ធភាព នៃការធ្វើសុខុដុមកម្មច្បាប់ ពាក់ព័ន្ធសំខាន់ៗនានា ដែលសំដៅធានាផលប្រយោជន៍រួមរបស់ពលរដ្ឋក្នុងអាស៊ាន។
សូមបញ្ជាក់ថា មហាសន្និបាតអន្តរសភាអាស៊ានលើកទី៣៧ ដែលសភាប្រទេសមីយ៉ាន់ម៉ាទទួលរៀបចំនេះ នឹងដំណើរពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ ក្រោមប្រធានបទ «ភាពរស់រវើករបស់អាយប៉ា ដើម្បីសហគមន៍អាស៊ានរីកចម្រើន»។
សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា គឺជាប្រធានសភាមួយរូប ក្នុងចំណោមប្រធានសភា១០ប្រទេសនៃសមាជិកអាយប៉ា ដែលបានឡើង សុន្ទរកថានៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាតអាយប៉ាលើកទី៣៧៕