(ក្រចេះ-ស្ទឹងត្រែង)៖ ក្រោមការគាំទ្រ និងការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ស្របតាមការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា គណៈប្រតិភូជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងធនធានទឹក និងឧតុនិយមចំនួន ១០៨នាក់ ដឹកនាំដោយលោក ភួន ចន្ថា និងលោក ហូ សិទ្ធីវ័ន្ដ អនុរដ្ឋលេខាធិការ បានធ្វើទស្សនកិច្ចនៅបណ្តាប្រព័ន្ធធារាសាស្ត្រក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។

ក្នុងដំណើរទស្សនកិច្ចស្វែងយល់រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ភូមិភាគឦសាន គណៈប្រតិភូបានចុះពិនិត្យស្វែងយល់នៅស្ថានីយជលសាស្រ្ត នៅឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

ជាមួយគ្នានេះ គណៈប្រតិភូក្រសួងធនធានទឹក និងឧតុនិយមបានចុះស្វែងយល់ជាក់ស្តែងពីទំនប់អាងទឹកអូរពូក ស្ថិតក្នុងឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលមានសក្ដានុពលអាចស្តុកទឹកបាន ២,៥លានម៉ែត្រគូប មានលទ្ធភាពអាចស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលរដូវវស្សាប្រមាណ ៥០០ហិកតា និងរដូវប្រាំងប្រមាណ ៣២០ហិកតា។ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរួមមាន៖ សំណង់បង្ហៀរ១ និងទ្វារទឹកចំនួន៤ និងមានប្រឡាយមេសរុបប្រវែងប្រមាណ ៤៥០០ម៉ែត្រ និងមានសំណង់ស្ទាក់ទឹក ១កន្លែង។

ឆ្លៀតក្នុងឱកាសនោះដែរ គណៈប្រតិភូក្រសួងធនធានទឹក និងឧតុនិយម ក្រោមកិច្ចសហការរបស់រដ្ឋបាលខេត្តស្ទឹងត្រែង បានទៅទស្សនកិច្ចតំបន់ព្រំដែនកម្ពុជា-ឡាវ និងបានពិនិត្យដោយផ្ទាល់បង្គោលព្រំដែនលេខ០៣៤ និងលេខ០៣៥។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចទៅកាន់តំបន់ត្រីកោណអភិវឌ្ឍន៍ ក្នុងខេត្តភូមិភាគឦសានរួមមាន ខេត្តក្រចេះ និងខេត្តស្ទឹងត្រែងនាពេលនេះ គឺដើម្បីឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងធនធានទឹក និងឧតុនិយមបានស្វែងយល់ជាក់ស្តែង ពីការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រនៅតំបន់ត្រីកោណអភិវឌ្ឍន៍(CLV) និងស្គាល់កាន់តែច្បាស់ពីស្ថានភាព និងទីតាំងភូមិសាស្រ្តនៅតាមព្រំដែន។ ជាមួយគ្នានេះប្រតិភូទាំងអស់បានបង្ហាញនូវការគាំទ្រយ៉ាងខ្លាំងចំពោះការអភិវឌ្ឍ និងបានប្តេជ្ញាតាំងចិត្តចូលរួមអភិវឌ្ឍតំបន់ត្រីកោណ (CLV-DTA) ឱ្យកាន់តែមានភាពរីកចម្រើន៕