(មីយ៉ាន់ម៉ា)៖ លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងលោក សុន ឆ័យ អនុប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម បានចូលរួមប្រជុំគណៈកម្មាធិការ សេដ្ឋកិច្ចនៃអន្តរសភាអាស៊ាន នៅក្នុងមហាសន្និបាតលើកទី៣៧ ដែលប្រារព្ធធ្វើនៅទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី១ ខែតុលាឆ្នាំ ២០១៦នេះ។
គណៈកម្មាធិការសេដ្ឋកិច្ចអន្តរសភាអាស៊ាន បានប្រជុំពិនិត្យ និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចចំនួនបី ដែលក្នុងនោះមាន សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការបង្កើតឱកាសការងារ និងលក្ខណការងារសមរម្យ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព។ សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការពង្រឹងសហគ្រាសធុនតូច និងមធ្យម ដើម្បីអភិវឌ្ឍតាមរយៈការធ្វើឲ្យ ប្រសើរឡើងក្នុងការទទួល បានហិរញ្ញប្បទាន បច្ចេកទេស និងការបង្កើននូវផលិតភាពនិងការកែច្នៃថ្មី និងសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការគំាទ្ររបស់សភា លើការអនុវត្តនូវសហគមន៍ សេដ្ឋកិច្ចអាស៊ាន។
សភាជិកសភានៃប្រទេសអាស៊ាន បានប្រជុំពិនិត្យលើសេចក្តីព្រាង សេចក្តីសម្រេចនេះមួយឃ្លាម្តងៗ ដោយបានបញ្ចេញទស្សនៈ យោបល់ និងការចែករម្លែកពីបទពិសោធន៍ ជាក់ស្តែងរបស់ប្រទេសនីមួយៗ ដើម្បីធ្វើយ៉ាងណាឲ្យសេចក្តីព្រាងសេចក្តីសម្រេចទំាងអស់នេះ នៅពេលអនុម័តហើយមានខ្លឹមសារ និងសារៈសំខាន់ក្នុងការជំរុញ លើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋនៅក្នុងតំបន់។
គណៈប្រតិភូសភាកម្ពុជាដែលដឹកនាំដោយលោក ឈាង វុន នៅក្នុងកិច្ចប្រជុំនេះ បានចូលរួមជាយោបល់ក្នុង ការសម្រួលខ្លឹមសារនៃសេចក្តីព្រាង សេចក្តីសម្រេចទំាងនោះយ៉ាង ច្រើនផងដែរ។
សូមជម្រាបថាសមាជិកអន្តរសភាអាស៊ាន បានកំពុងចូលរួមមហាសន្និបាតលើកទី៣៧ នៅទីក្រុងណៃពិដោ ប្រទេសមីយ៉ានយ៉ា ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦។
គណៈប្រតិភូសភាកម្ពុជា ចូលរួមមហាសន្និបាតអាយប៉ាលើកទី៣៧នេះ ដឹកនាំដោយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
សម្តេចប្រធានរដ្ឋសភា កាលពីថ្ងៃទី៣០ កញ្ញាម្សិលមិញ បានចូលរួមពិធីបើកមហាសន្និបាត និងបានឡើងមានប្រសាសន៍ជាមួយថ្នាក់ដឹកនាំ សភាសមាជិកអន្តរសភាអាស៊ាន៩ប្រទេសទៀត ទៅកាន់អង្គពិធី៕