(កណ្ដាល)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់ទុកការបណ្ដុះបណ្ដាលមន្ត្រីនគរបាលជាតិ គឺជាការងារចាំបាច់ដែលត្រូវតែបន្ត និងធ្វើជាប្រចាំដោយគ្មានទីបញ្ចប់នោះទេ ដើម្បីធ្វើឲ្យ កងកម្លាំងនគរបាលជាតិ មានចំណេះដឹងគ្រប់គ្រាន់លើផ្នែកទ្រឹស្ដី សមត្ថភាព ជំនាញវិជ្ជាជីវៈ និងអាកប្បកិរិយាល្អក្នុងការចូលរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាពជាតិ សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍលើគ្រប់វិស័យ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។
លោកបានថ្លែងកោតសរសើរបណ្ឌិត្យសភានគរបាលកម្ពុជា ដែលសម្រេចបាននូវស្នាដៃជាច្រើន ក្នុងការបណ្ដុះបណ្ដាលកងកម្លាំងនគរបាល ដែលមានជំនាញជាច្រើនប្រកបដោយស្តង់ដា និងមានគុណភាពល្អពិតប្រាកដ។
លោករដ្ឋមន្ត្រីបានថ្លែងបែបនេះ នៅគ្រាដែលលោកបានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គសុក្រិតការណ៍ថ្នាក់ដឹកនាំនគរបាលកម្រិត២ ជំនាន់ទី៦ វគ្គបំប៉នជំនាញស៊ើប អង្កេតបទល្មើសសេដ្ឋកិច្ច វគ្គបំប៉នជំនាញការងារគ្រប់គ្រង ស្នាក់នៅអចិន្ត្រៃយ៍ ការដាក់នៅបណ្ដោះអាសន្ន និងបាត់មុខ និងវគ្គបណ្ដុះបណ្ដាលអក្ខរកម្មបច្ចេកវិទ្យាឌីជីថល សម្រាប់មន្ត្រីនគរបាលថ្នាក់ក្រោមជាតិ ដែលមានសិក្ខាកម្មចំនួន៤៩៥នាក់ នារី៧៩នាក់ នៅឯបណ្ឌិត្យសភានគរបាលកម្ពុជា នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៤នេះ។
លោកឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិតសភានគរបាលកម្ពុជា បានលើកឡើងអំពីសារៈសំខាន់ និងលទ្ធផលល្អនៃការសិក្សា គុណភាពនៃការអប់រំ បណ្ដុះបណ្ដាល វឌ្ឍនភាពរបស់បណ្ឌិត្យសភា ព្រមទាំងការចូលរួមចំណែករបស់សប្បុរសជន និងសិក្ខាកម្មក្នុងការអភិវឌ្ឍន៍បណ្ឌិតសភានគរបាលកម្ពុជា។
លោកអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ការដាក់ឲ្យដំណើរការវគ្គសិក្សានេះ គឺជាសក្ខីភាពបង្ហាញអំពីការងារកំណែទម្រង់នគរបាលជាតិ និងការអនុវត្តផែនការអភិវឌ្ឍន៍ ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ ស្របតាមគោលនយោបាយកំណែទម្រង់ កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងទស្សនវិស័យជឿនលឿន របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកបានថ្លែងបញ្ជាក់ថា ក្នុងចំណោមនិស្សិតអាហារូបករណ៍ខ្មែរ ដែលកំពុងសិក្សានៅប្រទេសតួរគី ក៏មានវត្តមាននិស្សិត និងមន្រ្តីនគរបាលកម្ពុជាផងដែរ ចំនួន៨រូបដែលចំនួននេះ នឹងកើនឡើងទ្វេដងនៅឆ្នាំបន្ទាប់ ប្រសិនបើនគរបាលទាំងនោះ សិក្សាបានលទ្ធផលល្អ ជាពិសេសមានការគោរពវិន័យបានត្រឹមត្រូវ។
លោកអភិសន្តិបណ្ឌិត បានប្រគល់វិញ្ញាបនបត្រជានិមិត្តរូប ជូនដល់សិក្ខាកាមជ័យលាភីចំនួន២៥រូប ព្រមទាំងបានផ្ដល់អនុសាសន៍ដល់បណ្ឌិតសភានគរបាលកម្ពុជា ឲ្យបន្តការងារបណ្ដុះបណ្ដាល កងកម្លាំងនគរបាលជាតិ និងបន្តការងារអភិវឌ្ឍន៍ស្របតាមស្តង់ដារ គុណភាព និងផែនការយុទ្ធសាស្ត្ររបស់ខ្លួន ឲ្យសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត ព្រមទាំងផ្ដាំផ្ញើដល់សិក្សាកាម ជ័យលាភីទាំងអស់ ឲ្យយកចំណេះដឹង និងជំនាញវិជ្ជាជីវៈដែលទទួលបានពីការបណ្ដុះបណ្ដាលទៅអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការបម្រើអង្គភាព សង្គមជាតិ និងប្រជាពលរដ្ឋ ដោយប្រកាន់ខ្ជាប់នូវវិន័យ និងក្រមសីលធម៌ប្រជាជីវៈច្បាស់លាស់៕