(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានលើកទឹកចិត្តបេក្ខជន ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវខិតខំរៀនសូត្រឲ្យអស់ពីលទ្ធភាពភាពដើម្បីក្លាយជាអ្នកបន្តវេនប្រកបដោយ សក្តានុពល។
លោក នួន ផារ័ត្ន ថ្លែងដូច្នេះនៅក្នុងឱកាសដែល លោកបានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យមើលការបង្រៀនបំប៉នបន្ថែមដល់បេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ នៅវិទ្យាល័យជាស៊ីមប្រឡាយ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។
លោកបានចែករំលែកនូវពុទ្ធិ បទពិសោធន៍ផ្ទាល់ខ្លួន ព្រមទាំងការលើកទឹកចិត្ដដល់សិស្សានុសិស្ស ថ្នាក់ទី១២គ្រប់រូប ដើម្បីជាមាគ៌ាឈានទៅទទួលបានូវលទ្ធផលល្អ នៃការប្រលងមធ្យមសិក្សទុតិយភូមិនៅខែតុលា ឆ្នាំ២០២៤ ខាងមុខនេះគ្រប់ៗគ្នា។
លោកបានបន្ថែមថា មានតែចំណេះដឹងពិតប្រាកដ ដែលប្អូនៗបានខិតខំសិក្សារៀនសូត្រយ៉ាងយកចិត្តទុកដាក់ និងអស់ពីលទ្ធភាពហើយឆ្លើយតបក្នុងបរិបទបច្ចេកវិទ្យាទេ ដែលនាំឲ្យប្អូនៗអាចឈានទៅមានអនាគតដ៏ភ្លឺស្វាង ត្រចះត្រចង់ ជាពិសេសគឺជាទំពាំងស្នងឬស្សីរបស់ក្រុមគ្រួសារ និងអនាគតប្រទេសជាតិប្រកបដោយថាមពលនិងសក្តានុពល។
លោកជំរុញបេក្ខជនទាំងអស់ ត្រូវតែម្ចាស់ការលើខ្លួនឯងក្នុងការសិក្សារៀនសូត្រ ជាពិសេសត្រូវធ្វើធ្វើការតាមមុខវិជ្ជានិងកម្មវិធីសិក្សា ទាំងនៅក្នុងសាលារៀននិងតាមគេហដ្ឋាន ដែលជាការចូលរួមចំណែកយ៉ាងធំធេង ក្នុងការមូលកសាងមូលធនមនុស្សស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
គួរបញ្ជាក់ថា សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ហើយវិទ្យាល័យជាស៊ីមប្រឡាយមានបេក្ខជនសរុបចំនួន៩២នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រពិតមានចំនួន២២នាក់ ស្រី៧នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៧០នាក់ ស្រី៥២នាក់៕