(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវមួយខ្សែមានប្រវែង១,២០០ ម៉ែត្រ ស្ថិតនៅភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ដែលជាអំណោយរបស់លោកអភិបាលខេត្ត និងលោកស្រី ដែលចំណាយថវិកាអស់ចំនួន១៨,០០០ដុល្លារ។
ពិធីនេះមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុងបាវិត លោក លោកស្រី ប្រធានមន្ទីរនានាជុំវិញខេត្ត កងកម្លាំងទាំ៣ប្រភេទ និងលោកលឹម សៀងហេង អភិបាលក្រុងបាវិត ព្រមទាំងមានការចូលរួមពី មន្ត្រីរាជការក្រុង កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្រុងបាវិត ប្រជាពលរដ្ឋក្នុងសង្កាត់ប្រាសាទប្រមាណ៤០០នាក់។
ថ្លែងនៅក្នុងឱកាសនោះលោក ប៉េង ពោធិ៍សា បានផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្តេច ម៉ែន សំអន និងលោកស្រី ភឿង សកុណា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានវត្តមានក្នុងពិធីនេះ។
លោកបន្តថា សមិទ្ធផលផ្លូវមួយខ្សែនេះ គឺមិនមែនកើតឡើងដោយចៃដន្យនោះទេ នេះក៏ព្រោះតែស្ថានភាពនៃប្រទេសជាតិរបស់យើងទទួលផលពីផ្លែផ្កានៃសុខសន្តិភាព និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើឲ្យជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកាន់តែប្រសើរឡើង។
ជាក់ស្តែងផ្លូវនេះ និងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងដឹកជញ្ជូនទំនិញនិងកសិផលនានា ជាពិសេបងប្អូនកម្មករកម្មការនីរោងចក្រ និងប្រើប្រាស់ផ្លូវនេះទៅបំពេញការងារប្រចាំថ្ងៃ។
លោកបានផ្តាំផ្ញើចំណុចសំខាន់ៗមួយចំនួន ទៅកាន់ពិធីនេះដូចខាងក្រោម៖
*ទី១៖ សូមចូលរួមជួយផ្សព្វផ្សាយផលប៉ះពាល់ និងគ្រោះថ្នាក់ នៃការសេពគ្រឿងញៀន ដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ហើយលុបបំបាត់គ្រឿងញៀននៅមូលដ្ឋានដើម្បីអនាគតកូនចៅយើង។
*ទី២៖ សូមបងប្អូនបន្តរួមគ្នាការពារឲ្យបាននូវសុខសន្តិភាពដែលមាននៅក្នុងដៃ ត្រូវមានការជឿជាក់លើរាជរដ្ឋាភិបាលនិងប្រឆាំងដាច់ខាតនូវរាល់ការប៉ុនប៉ងទាំងឡាយណា ដែលនាំឲ្យប្រទេសជាតិយើងធ្លាក់ទៅក្នុងភាពអន្តរាយ។
*ទី៣៖ សូមចូលរួមជួយថែរក្សាការពារនូវសមិទ្ធផលផ្លូវមួយខ្សែនេះឲ្យបានល្អ ការដឹកជញ្ជូនកុំដឹកលើសទម្ងន់ជាដើម។
*ទី៤៖ សូមអាជ្ញាធរ និងសមត្ថកិច្ចរបស់យើងត្រូវបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ការងារបង្ក្រាប ល្បែងស៊ីសងខុសច្បាប់ និងការពារសន្តិសុខសុវត្ថិភាពឲ្យបាន ល្អប្រសើរជូនប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាន និងគ្រប់កាលៈទេសៈ។
នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត បានចែកជូនប្រជាពលរដ្ឋនូវក្រមាម្នាក់មួយ និងថវិកាមួយម៉ឺនរៀលផងដែរ៕