(តាកែវ)៖ នៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពនៅក្នុងពិធីសម្ផោធឃ្លាំងផ្ទុកពូជស្រូវរបស់សហគមន៍កសិកម្មភ្នំដិនសែនសុខ ដែលមានទីតាំងនៅក្នុងឃុំភ្នំដិន ស្រុកគីរីវង់ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានអះអាងថា មិនមានការបង្ខិតបង្គោលព្រំដែនដូចការចោទប្រកាន់របស់ក្រុមប្រឆាំងនោះទេ ជាពិសេសបង្គោលព្រំដែនលេខ២៧៥ នៅច្រកទ្វារអន្តរជាតិភ្នំដិន។
លោកអភិបាលខេត្តតាកែវ បានបន្តថា ម្សិលមិញនេះលោកបានដឹកនាំមន្រ្តីមួយចំនួន ចុះពិនឹត្យមើលដោយផ្ទាល់បង្គោលព្រំដែនលេខ២៧៥ នៅច្រកទ្វារអន្តរជាតិភ្នំដិន និងបង្គោលព្រំដែនមួយចំនួនទៀត នៅក្នុងស្រុកគីរីវង់ គឺបានឃើញដោយផ្ទាល់ភ្នែកបង្គោលព្រំដែនគឺនៅដដែល ហើយបងប្អូនប្រជាពលរដ្ឋ និងសមាជិកសហគមន៍កសិកម្មភ្នំដិនសែនសុខ ដែលរស់នៅតំបន់ភ្នំដិននេះ ជាសាក្សីរស់ថា «គ្មានការបង្ខិតបង្គោលព្រំដែននោះទេ»។
បើមានការបង្ខិតបង្គោលព្រំដែនជាង១ពាន់ម៉ែត្រដូចការចោទប្រកាន់របស់ក្រុមប្រឆាំងមែន បង្គោលព្រំដែននឹងមកដល់ទីតាំងភ្នំដិន និងមកដល់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋសហគមន៍កសិកម្មភ្នំដិនសែនសុខនេះហើយ។ នេះជាការបញ្ជាក់បន្ថែមរបស់លោកអភិបាលខេត្ត។
លោកបន្តទៀតថា «ការយកបញ្ហាព្រំដែនមកវាយប្រហារមកលើរាជរដ្ឋាភិបាលរបស់ក្រុមប្រឆាំង គឺក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងចង់ធ្វើឲ្យប្រទេសជាតិមានភាពចលាចលប៉ុណ្ណោះ»៕