(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យអនុម័តលើរបៀបវារៈចំនួន។
បន្ទាប់ពីបានប្រជុំពិភាក្សារួចមកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តកោះប្រជុំជាវិសាមញ្ញ នីតិកាលទី៧ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ តាមសំណើរបស់រាជរដ្ឋាភិបាល ដែលមានរបៀបវារៈដូចខាងក្រោម៖
១- ការពិនិត្យសេចក្តីស្នើសុំប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីរៀបចំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
២- ការពិនិត្យសំណើសុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ២រូប។
៣- ការប្រកាសសុពលភាពអាណត្តិតំណាងរាស្រ្តថ្មី មណ្ឌលខេត្តកំពង់ឆ្នាំងជូន ឯកឧត្តម ហ៉ឺ វីរៈ ជំនួសសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលបានទទួលមរណភាព។
៤- ការបោះឆ្នោតជ្រើសតំាង ឯកឧត្តម អ៉ិត រ៉ាឌី ជាបេក្ខជនសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់អាណត្តិទី៣ ។
៥- ការពិភាក្សានិងអនុម័តលើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
៦- ការពិនិត្យ និងអនុម័តសមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧។
៧- ការពិនិត្យ និងអនុម័តសេចក្តីព្រាងរបៀបវារៈ និងកាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧៕