(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញេីសារលិខិតជូនលោក វ៉ាន់មូហាម៉ាត់ណ មៈថា (Wanmuhamadnoor Matha) ប្រធានរដ្ឋសភា និងជាប្រធានសភាតំណាងរាស្ត្រនៃព្រះរាជាណាចក្រថៃ ដោយទទួលបានដំណឹងអំពីសោកនាដកម្មនៃព្យុះទីហ្វុង Yagi ដែលបានបង្កឱ្យមានភ្លៀងធ្លាក់ ទឹកជំនន់ និងការបាក់ដី សម្លាប់ជីវិតមនុស្ស បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ខូចខាត ទ្រព្យសម្បត្តិ និងធ្វើឱ្យបាត់បង់ទីលំនៅរបស់ប្រជាជនជាច្រើនគ្រួសារ។
តាមរយៈសារលិខិតនេះសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំមានអារម្មណ៍សោកស្តាយជាខ្លាំង ពេលទទួលបានដំណឹងអំពីសោកនាដកម្ម ដែលបង្កឡើងដោយព្យុះទីហ្វូង Yagi បណ្តាលឱ្យមានភ្លៀងធ្លាក់ ទឹកជំនន់ និងបាក់ដីយ៉ាងធ្ងន់ធ្ងរ ដែលមានការបាត់បង់អាយុជីវិតប្រជាជន ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ការខូតខាតទ្រព្យសម្បត្តិ និងការផ្លាស់ទីលំនៅរបស់ប្រជាជនជាច្រើនគ្រួសារ។
តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយគ្រួសារសពនៃជនរងគ្រោះដែលបានបាត់បង់សមាជិកជាទីស្រឡាញ់ និងសូមសម្តែងនូវសេចក្តីអាណិតអាសូរចំពោះជនរងគ្រោះដែលបានរងផលប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ។ សូមឯកឧត្តមប្រធាន មេត្តាទទួលនូវការរាប់អានដ៏ជ្រាលជ្រៅ និងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំពីខ្ញុំ»៕