(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញេីសារលិខិតជូនលោក Ferdinand Martin Romualdez ប្រធានសភាតំណាងរាស្ត្រនៃសាធារណរដ្ឋហ្វីលីពីន ដោយទទួលបានដំណឹងអំពីសោកនាដកម្មដែលបង្កឡើងដោយព្យុះទីហ្វុង Yagi ដែលបានបង្កជាទឹកជំនន់ និងការបាក់ដីយ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅតំបន់ភាគខាងជើង ដែលមានការបាត់បង់អាយុជីវិតប្រជាជន ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ការខូចខាតទ្រព្យសម្បត្តិ និងការផ្លាស់ទីលំនៅរបស់ប្រជាជនជាច្រើនគ្រួសារ។

តាមរយៈសារលិខិតនេះសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំមានអារម្មណ៍សោកស្តាយជាខ្លាំង ពេលទទួលបានដំណឹងអំពីសោកនាដកម្ម ដែលបង្កឡើងដោយព្យុះទីហ្វូង Yagi បណ្តាលឱ្យមានភ្លៀងធ្លាក់ ទឹកជំនន់ និងបាក់ដីយ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅតំបន់ភាគខាងជើង ដែលមានការបាត់បង់អាយុជីវិតប្រជាជន ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ការខូតខាតទ្រព្យសម្បត្តិ និងការផ្លាស់ទីលំនៅរបស់ប្រជាជនជាច្រើនគ្រួសារ។

តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយគ្រួសារសពនៃជនរងគ្រោះដែលបានបាត់បង់សមាជិកជាទីស្រឡាញ់ និងសូមសម្តែងនូវសេចក្តីអាណិតអាសូរចំពោះជនរងគ្រោះដែលបានរងផលប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ។

ក្នុងនាមជាសមាជិកនៃសមាគន៍អាស៊ាន និងបណ្តាញអន្តរសភាអាស៊ានរួមគ្នា យើងឈរលើស្មារតី សាមគ្គីភាព ជាមួយឯកឧត្តម និងប្រជាជនហ្វីលីពីនទាំងអស់ ក្នុងអំឡុងពេលដ៏លំបាកនេះ។ ខ្ញុំសូមជូនពរដល់ប្រជាជនហ្វីលីពីន ឱ្យឆាប់បានជាសះស្បើយ និងធន់ជម្នះលើគ្រោះធម្មជាតិនេះ។

សូមឯកឧត្តមប្រធាន មេត្តាទទួលនូវការរាប់អានដ៏ជ្រាលជ្រៅ និងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំពីខ្ញុំ»៕