Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមបុណ្យភ្ជុំធំ​ នៅវត្តវាំងចាស់

01-10-2016 09:06

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងក្រុមគ្រួសារ មន្រ្តីរាជការជាច្រើននាក់ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦នេះ បានអញ្ជើញចូលរួមបុណ្យភ្ជុំធំ នៅវត្តហរិរក្សារាជិនី ហៅវត្តវាំងចាស់ នៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។

នៅលើបណ្តាញសង្គម Facebook សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ថ្ងៃនេះជាថ្ងៃបុណ្យភ្ជុំធំដែលជាថ្ងៃចុងក្រោយ។ ខ្ញុំ និងភរិយាកំពុងធ្វើដំណើរទៅវត្តវាំងចាស់ ដើម្បីចូលរួមពិធីបុណ្យនៅទីនោះ។ សូមឧទ្ទិសកុសលទាំងអស់ជូនជនរួមជាតិ សូមប្រកបតែសេចក្តីសុខ»

នាឱកាសនោះ សម្តេច​តេជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រម​ទាំង​ក្រុម​គ្រួសារ បាន​នាំ​យក​នូវ​គ្រឿង​សក្ការៈ​បូជាមួយចំនួន ថ្វាយ​ចំពោះ​ព្រះរតនៈត្រ័យ និង​នាំ​យក​ចង្ហាន់​ទេយ្យទាន គ្រឿង​ឧបភោគ បរិភោគ​ជាច្រើន​មុខ និង​បច្ច័យ​ប្រគេន​ព្រះសង្ឃ រាប់បាត្រ​បង្សុកូល ឧទ្ទិសមគ្គ​ផលកុសល​ផលបុណ្យ ជូន​ចំពោះ​បុព្វ​ការី​ជន​មាន​មាតាបិតា ជីដូន​ជីតា ញាតិការ​ទាំង៧​សណ្តាន ដែលបានចែកឋានទៅ ។

សូមបញ្ជាក់ថា បុណ្យភ្ជុំបិណ្ឌ កាន់បិណ្ឌ តែងប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងប្រទេសកម្ពុជា ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់សាច់ញាតិ ដែលបានចែកឋានទៅកាន់លោកខាងមុខ។ ឆ្នាំនេះបុណ្យភ្ជុំបិណ្ឌមានការចូលរួមយ៉ាងផុសផុលពីសំណាក់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋនានា៕