(ភ្នំពេញ)៖ អ្នកនាំពាក្យរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានចេញសេចក្តីបំភ្លឺពាក់ព័ន្ធនឹងការបិទការិយាល័យស្ថានទូតស៊ុយអែតនៅភ្នំពេញ។

ឆ្លើយតបនឹងការសាកសួរព័ត៌មានរបស់អ្នកយកព័ត៌មានពាក់ព័ន្ធនឹងការបិទការិយាល័យស្ថានទូតស៊ុយអែតនៅភ្នំពេញ អ្នកនាំពាក្យរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បំភ្លឺបន្ថែមលើសេចក្តីបំភ្លឺ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ថា៖

*តាមការបញ្ជាក់របស់ស្ថានទូតស៊ុយអែតនៅទីក្រុងបាងកក បន្ទាប់ពីការបិទ ការិយាល័យស្ថានទូតស៊ុយអែតនៅភ្នំពេញនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ ស្ថានទូតស៊ុយអែតនៅទីក្រុងបាងកក នឹងបន្តតំណាងឱ្យស៊ុយអែតក្នុងទំនាក់ទំនងជាមួយ កម្ពុជា ហើយស្ថានកុងស៊ុលរបស់ស៊ុយអែតនៅភ្នំពេញ នឹងនៅតែបើកទ្វារដើម្បីបន្ត ផ្តល់សេវាកុងស៊ុលដល់ពលរដ្ឋស៊ុយអែតនៅកម្ពុជា។

*ថ្វីត្បិតមានការបិទការិយាល័យស្ថានទូតស៊ុយអែត នៅភ្នំពេញ ក៏ប៉ុន្តែក្នុងរយៈកាល កន្លងមកនេះ ក៏មានការបើកបន្ថែមការិយាល័យនានារបស់ស្ថានទូតមួយចំនួន ជាអាទិ៍ ការបើកការិយាល័យពាណិជ្ជកម្មរបស់ស្ថានទូតទួរគី ក្នុងខែមេសា ឆ្នាំ២០២៣ ការ បើកការិយាល័យពាណិជ្ជកម្ម និងវិនិយោគរបស់ស្ថានទូតអូស្ត្រាលី ក្នុងខែមករា ឆ្នាំ ២០២៤ និងការបើកការិយាល័យកុងស៊ុលរបស់កាណាដានៅខេត្តសៀមរាប ក្នុងខែកុម្ភៈ ឆ្នាំ២០២៤។

សូមជម្រាបថា ស្ថានទូតស៊ុយអែត ការិយាល័យ ប្រចាំរាជធានីភ្នំពេញ នឹងត្រូវបិទជាផ្លូវការ និងឈប់ធ្វើការ ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដោយសារសេចក្តីសម្រេចរបស់រដ្ឋាភិបាលស៊ុយអែតក្នុងការបញ្ចប់ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគីជាមួយប្រទេសកម្ពុជា។

បើតាមការជូនដំណឹង នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤, ស្ថានទូតស៊ុយអែត ប្រចាំទីក្រុងបាងកក នឹងបន្តតំណាងឱ្យប្រទេសស៊ុយអែតនៅកម្ពុជា ហើយចាប់តាំងពីថ្ងៃទី១៥ ខែសីហា ការគ្រប់គ្រងការគាំទ្រដល់ប្រទេសកម្ពុជា យោងទៅតាមយុទ្ធសាស្រ្តតំបន់សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយអាស៊ី និងប៉ាស៊ីហ្វិក ត្រូវបានផ្ទេរទៅអង្គការសហប្រតិបត្តិការអន្តរជាតិអភិវឌ្ឍន៍ស៊ុយអែត (Sida - Styrelsen för Internationellt Utvecklingssamarbete) ក្នុងទីក្រុង Stockholm។ ស្ថានកុងស៊ុលស៊ុយអែតប្រចាំទីក្រុងភ្នំពេញនឹងបន្តបើក និងផ្តល់សេវាការទូតមូលដ្ឋានសម្រាប់ពលរដ្ឋស៊ុយអែតនៅកម្ពុជាដដែល។

ភ្លាមៗនោះដែរ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីបំភ្លឺ ទាត់ចោលរាល់ការប៉ុនប៉ងបកស្រាយបញ្ហានេះ ដើម្បីចំណេញផ្នែកនយោបាយ៕