(ពោធិ៍សាត់)៖ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាព សាខាមូលនិធិជាតិជំនួយសង្គមខេត្តពោធិ៍សាត់ ព្រមទាំងបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តពោធិ៍សាត់។

ពិធីនេះត្រូវបានធ្វើឡើង នៅសាលប្រជុំមន្ទីរសង្គមកិច្ចខេត្ត ដោយបានការចូលរួមពីលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត លោក ខូយ រីដា អភិបាលខេត្ត ប្រតិភូថ្នាក់ជាតិ ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត អភិបាលក្រុងស្រុក និងមន្ត្រីរាជការមន្ទីរមួយចំនួនទៀត។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី ជា សុមេធី បានអបអរសាទរជាមួយលោក លោកស្រី ដែលទើបទទួលបានការតែងតាំងថ្មីជាប្រធាន អនុប្រធាន និងថ្នាក់ដឹកនាំ នៃសាខាមូលនិធិជាតិជំនួយសង្គមខេត្តពោធិ៍សាត់ ដែលបានធ្វើពិធីប្រកាសចូលកាន់មុខតំណែងជាផ្លូវការនាពេលនេះ ដើម្បីដឹកនាំការងារបន្តបំពេញតួនាទី ជាសេនាធិការឱ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមូលនិធិជាតិជំនួយសង្គម ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ នៅក្នុងខេត្តពោធិ៍សាត់។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ ដែលសម្រេចបានរយៈពេលកន្លងមក ដោយបានបញ្ជាក់ថា សមិទ្ធផលទាំងនេះកើតចេញពីការខិតខំប្រឹងប្រែងរួម របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធិជនពិការ ក៏ដូចជាមន្ត្រីរាជការក្រោមឱវាទទាំងអស់ ដែលបានយកចិត្តទុកដាក់ បំពេញតួនាទីភារកិច្ច សហការគ្នាបានល្អ ជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការផ្តល់សេវាសង្គម កិច្ចនានាបានល្អប្រសើរ ជូនប្រជាពលរដ្ឋ ពិសេសការអនុវត្តកម្មវិធីជាតិជំនួយសង្គម ដែលត្រូវបានដាក់ឱ្យអនុវត្តចាប់ពីខែមេសាកន្លងទៅថ្មីៗនេះ។

លោករដ្ឋមន្ត្រី ជា សុមេធី បានសំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ អាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត ដែលតែងតែចូលរួមយ៉ាងសកម្ម ផ្តល់កិច្ចសហការ សម្របសម្រួល និងកិច្ចអន្តរាគមន៍នានា ក្នុងការអនុវត្តកម្មវិធីការងារដែលបានដាក់ចេញប្រកបដោយការទទួលខុសត្រូវនាពេលកន្លងមកនេះ។

ឆ្លៀតក្នុងឱកាសនោះ លោក ជា សុមេធី ព្រមទាំងប្រតិភូអមដំណើរ ក៏បានធ្វើទស្សនកិច្ច និងប្រគល់អំណោយជូនប្រធានមជ្ឈមណ្ឌលចិញ្ចឹមកុមារកំព្រាខេត្តពោធិ៍សាត់ ដែលស្ថិតក្នុងភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ផងដែរ៕